មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ប្រើប្រាស់គ្រឿងចក្រចុះជួយធ្វើធ្នស់កាត់ស្ទឹងបរិបូណ៍


មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ប្រើប្រាស់គ្រឿងចក្រចុះជួយធ្វើធ្នស់កាត់ស្ទឹងបរិបូណ៍ ដើម្បីបញ្ចាល់ទឹកបញ្ចូលប្រឡាយមេបន្ទាយធ្លក ទៅស្រោចស្រពដំណាំស្រូវប្រាំងរបស់កសិករដែលកំពុងមានតម្រូវការទឹក នៅក្នុងភូមិចំនួន ០៥ របស់ឃុំខុនរ៉ង ស្រុកបរិបូណ៍ ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបានប្រមូលផលស្រូវវស្សារួច ប្រជាកសិករនៅតាមដងប្រឡាយមេបន្ទាយធ្លក ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៍ បានចាប់ផ្តើមដាំដុះដំណាំស្រូវប្រាំងបន្តទៀត លើផ្ទៃដីប្រមាណ ៦០០ ហិកតា ។ ដោយសារពេលនេះ ទឹកស្ទឹងបរិបូណ៍មានកម្ពស់ទាបពេក ទឹកមិនអាចហូរចូលប្រឡាយមេបន្ទាយធ្លកបាន ទើបធ្វើឲ្យដំណាំស្រូវរបស់កសិករនៅតាមដងប្រឡាយមេនេះ ជួបការខ្វះខាតទឹក ។ ជាវិធានការណ៍បណ្តោះអាសន្ន ដើម្បីដោះស្រាយទឹកស្រោចស្រពជូនបងប្អូនប្រជាកសិករ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជូនគ្រឿងចក្រ ចំនួន ០១ គ្រឿង ដោយមានការចូលរួមជាកម្លាំងពលកម្មពីបងប្អូនប្រជាពលរដ្ឋ ធ្វើធ្នស់កាត់ស្ទឹងបរិបូណ៍ ចំនួន ០១ កន្លែង នៅចំណុចភូមិកំព្រង ឃុំផ្សារ ដើម្បីបញ្ចាល់ទឹកស្ទឹងបញ្ចូលប្រឡាយមេបន្ទាយធ្លក ។ ជាលទ្ធផលមកដល់ពេលនេះ ទឹកបានហូរចូលប្រឡាយមេជាបណ្តើរៗហើយ ខណៈបងប្អូនប្រជាកសិករ កំពុងបូមបន្តពីប្រឡាយមេបញ្ចូលស្រែរៀងៗខ្លួន ។