វគ្គបណ្តុះបណ្តាល ស្តីពី ការកែច្នៃប្រភេទវល្លិ៍ ដែលជាផលិតផលចេញពីជីវៈចម្រុះ មកធ្វើជាសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍


នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រុមការងាររបស់នាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចុះពិនិត្យ និងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ការកែច្នៃប្រភេទវល្លិ៍ ដែលជាផលិតផលចេញពីជីវៈចម្រុះ មកធ្វើជាសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍» ​សម្រាប់ប្រជាជននៅភូមិថ្មី និង «ការដាំដុះ និងកែច្នៃប្រទាលថ្លើមឆ្កែ មកធ្វើជាឱសថ និងផលិតផលតែ» សម្រាប់ប្រជាជននៅភូមិអន្លុងធំ និងភូមិថ្មជ្រួញ នៃសហគមន៍តំបន់ការពារធម្មជាតិ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប។

ការបណ្តុះបណ្តាលនេះ រៀបចំឡើងដោយមានការគាំទ្រពីគម្រោង «Biodiversity- based products as an economic source for the improvement of livelihoods and biodiversity protection (BBP)» ក្នុងគោលបំណង ១) បង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាជនមូលដ្ឋាន និងបង្កើតសេដ្ឋកិច្ចក្នុងតំបន់ ២) ជំរុញការចូលរួម និងប្រើប្រាស់ធនធានជីវៈចម្រុះដោយចីរភាព។

គួរបញ្ជាក់ផងដែរថាគម្រោង «BBP» បានអនុវត្តសកម្មភាពរបស់ខ្លួនចាប់ពីខែកក្កដា ឆ្នាំ២០១៨ មក ដោយបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹង ការកសាងក្រុម ការគ្រប់គ្រងក្រុម ការគ្រប់គ្រងថវិកា ការកសាងសមត្ថភាពលើការតម្បាញកន្ត្រក់ពីវល្លិ៍ចំនួន៣វគ្គ វិធីសាស្រ្តនៃការដាំប្រទាល និងការប្រមូលយកធនធានជីវៈចម្រុះដោយចីរភាពជាដើម៕