វិសោធនកម្មច្បាប់ នយោបាយ ផ្តល់សិទ្ធិ ចំពោះអ្នកនយោបាយ ជាប់បម្រាមឲ្យមានសិទ្ធ ធ្វើនយោបាយឡើងវិញ តែអាស្រ័យបុគ្គល


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានធ្វើការពន្យល់ នៃគោលបំណងនិងសំណូមពរ នៃការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយថា ជាការបើកផ្លូវដល់អ្នកនយោបាយ ជាប់បម្រាមតុលាការកំពូល ប៉ុន្តែអាស្រ័យលើបុគ្គលម្នាក់ៗ ។

ឯកឧត្តម សុខ ឥសានបានឲ្យដឹង តាមប្រព័ន្ធតេឡេក្រាមនៅទី១៥ ធ្នូ ថាសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ ហើយថា ដើម្បីដោះស្រាយបណ្តាបញ្ហា ដែលកើតមានឡើងនៅកម្ពុជា ក្នុងគោលបំណងពង្រឹង លទ្ធិប្រជាធិបតេយ្យ​ នីតិរដ្ឋ​និងអនុវត្តនយោបាយបង្រួបបង្រួមជាតិ​ ។
​ឯកឧត្តមបញ្ជាក់ថា “ផ្អែកលើមូលដ្ឋាននេះ​ ដំណើរការធ្វើវិសោធនកម្មច្បាប់នេះ​ ត្រូវបានប្រព្រឹត្តទៅស្របតាមនីតិវិធី ជាធរមាន នៃការធ្វើវិសោធនកម្ម និងស្របតាមគោល ការណ៏ដែលមាន ក្នុងរដ្ឋធម្មនុញ្ញ​ ។ រាល់ការមានមតិ គឺជាសិទ្ធិបញ្ចេញមតិប៉ុណ្ណោះ​ មិនអាចមករារាំងដល់ដំណើរ ការធ្វើវិសោធនកម្មច្បាប់ បានជាដាច់ខាត” ។

​ឯកឧត្តមបន្តថា ការធ្វើវិសោធនកម្មនេះ ​ត្រូវបានរដ្ឋសភាអនុម័តរួច ហើយដោយសំឡេង ១១៥/១១៥​ ហើយសេចក្តីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាពិនិត្យទៀត​ និងត្រូវឆ្លង ក្រុមប្រឹក្សាធម្មនុញ្ញជាចុងក្រោយ មុននឹងដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ ខណៈដែលសមាជិកក្រុមអ្នក នយោបាយប្រឆាំងមួយ ចំនួន ដែលមាននិន្នាការ តាមលោកសម រង្ស៊ី បានប្រកាសមិនទទួលយក ឬស្នើសុំដើម្បីបានសិទ្ធិធ្វើនយោបាយវិញ អ្នកនាំពាក្យបក្សកាន់ អំណាចបានគូស យ៉ាងដូច្នេះថា “ខ្លឹមសារវិសោធនកម្ម គឺបើកផ្លូវឲ្យអ្នកនយោបាយ ដែលជាប់បម្រាម ធ្វើនយោបា​មាន នីតិសម្បទានយោបាយឡើងវិញ​។ តែច្បាប់មិនចាប់បង្ខំសាម៉ីជននោះៗត្រូវតែធ្វើទេ​ បើក្នុងករណីសាម៉ីខ្លួនមិនចង់បាន” ។

ឯកឧត្តមបន្ថែមថា នៅពេលចប់រយ: ពេលហាមឃាត់របស់តុលាការកំពូលហើយ​ បើសាម៉ីជនមិនទទួល យកនីតិសម្បទាឡើងវិញទេ​ ក៏បានសាម៉ីជននៅតែកុំធ្វើនយោបាយ ទៅបានហើយ​ មានអ្នកណាចាប់បង្ខំ​ ?

ឯកឧត្តមបន្ថែមទៀតថា នៅពេលច្បាប់ចូលជាធរមាន​ បើសាម៉ីជនណាមិនចង់បានសិទ្ធិធ្វើនយោបាយឡើងវិញទេ ​កុំដាក់សំណើទៅនាយករដ្ឋមន្ត្រី ឬទៅក្រសួងមហាផ្ទៃ ទៅជាការស្រេច​ ឬបើមានបញ្ជីពីក្រសួងមហាផ្ទៃ​ កុំតែអនុវត្តទៅ​មានអ្នកណាថាអី​ វាអាស្រ័យលើសាម៉ីជនម្នាក់ៗទេ​ កុំបាច់ជជែកវែកញែកវែងឆ្ងាយធ្វើអី​ ? ដូច្នេះ​ការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ​ ដើម្បីផ្តល់នីតិសម្បទានយោបាយ ឲ្យអ្នកនយោបាយដែលជាប់បម្រាមរបស់តុលាការកំពូល ​មានសិទ្ធិធ្វើនយោបាយឡើងវិញ​បើសាម៉ីខ្លួនចង់បាន​ ។

ឯកឧត្តមសង្កត់ធ្ងន់ថា ” ច្បាប់បើកផ្លូវជូនហើយ​ តែបើសាម៉ីជនមិនចង់បានទេ ​ចេះតែនៅតទៅទៀតទៅ​មានអ្នកណាថាអី​ ? អាស្រ័យលើសិទ្ធិរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ​ ហើយកុំបន្ទោសអ្នកដទៃទៀត​” ។

ឯកឧត្តមបញ្ជាក់ថា​ មិនមានច្បាប់កំណត់ឲ្យធ្វើវិសោធនកម្មច្បាប់ប៉ុន្មានដងៗទេ​ វាអាស្រ័យលើសំណូមពរ​ចាំបាច់នៃសភាពការណ៍នយោបាយដែលត្រូវធ្វើ​ សូមលោកអ្នកច្បាប់ជ្រាប៕