ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការប្រកាសនេះរបស់ ទណ្ឌិតសម រង្ស៊ី គឺដើម្បីបំភាន់ភ្នែកអ្នកគាំទ្រ ខ្លួនផង និងជនបរទេសផង


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រោយពេលដែលរដ្ឋសភាជាតិ បានអនុម័តវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយដើម្បី បើកផ្លូវឲ្យអ្នកជាប់បម្រាមនយោបាយ បានធ្វើនយោបាយឡើងវិញ​ ទណ្ឌិតសម​ រង្ស៊ី​ មានការភិតភ័យយ៉ាងខ្លាំង​ខ្លាចបាត់បង់តួនាទីកាងរបស់ខ្លួននិងខ្លាចស្ថិតនៅ ឯកោតែម្នាក់ឯងក៏ប្រើឧបាយកល ប្រកាសមិនចរចា ជាមួយសម្តេចតេជោ ហ៊ុន សែន ឡើយដោយទុកឲ្យសម្តេចចរចា ជាមួយអន្តរជាតិចុះ ​ប៉ុន្តែក្រោយខ្នង សម រង្ស៊ីលួចវាយតាមធ្វីតធ័ររបស់ខ្លួនមក ទាក់ទងជាមួយ សម្តេចតេជោហ៊ុន​ សែន​ សុំចរចាក្នុងនាម១១៨នាក់ ។

ឯកឧត្តម សុខ ឥសាន បានសរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាម នៅថ្ងៃទី១៧ ធ្នូនេះថា”
ការប្រកាសនេះរបស់ ទណ្ឌិតសម​ រង្ស៊ី​ គឺដើម្បីបំភាន់ភ្នែកអ្នកគាំទ្រ ខ្លួនផង​ និងជនបរទេសផង​ ឲ្យគេយល់ថាសម​ រង្ស៊ីនៅតែ មានតួនាទីជាតំណាងមន្ត្រី បក្សប្រឆាំងទាំង​ ១១៨នាក់​ ហើយខ្លួនមានតួនាទីដោះស្រាយ បញ្ហាជំនួសមុខ១១៨នាក់នេះបាន។ ប៉ុន្តែ​ នៅពីក្រោយឆាក​ ទណ្ឌិតសម​ រង្ស៊ី​ បានលួចវាយតាមធ្វីតធ័រ របស់ខ្លួន មកទាក់ទងជាមួយ សម្តេចតេជោហ៊ុន​ សែន​ សុំចរចាជាមួយ សម្តេច​ ក្នុងនាម១១៨នាក់”។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងបន្ថែមថា “នេះជាឧបាយកលនយោបាយ ភូតកុហក់ របស់ទណ្ឌិតសម​ រង្ស៊ីដែលបង្ហាញច្បាស់ នៅលើគោក​លិបបាត់តែក្បាល​តែគូថនៅលើគោក ដែលអ្នកណាក៏ដឹងដែរ។ សម​ រង្ស៊ីប្រកាសចំហរថាមិនចរចាជាមួយសម្តេចហ៊ុន​ សែន​ ធ្វើបែបគ្រាន់បើ​ តែទណ្ឌិតរូបនេះលួចទាក់ទង ជាសម្ងាត់មកសម្តេចដើម្បី ខ្លាចបាត់តួនាទីជាតំណាងឲ្យ១១៨នាក់។ ប៉ុន្តែទោះទណ្ឌិតសម​ រង្ស៊ីប្រើល្បិ​ចយ៉ាងណា​ ក៏មិនអាចបិទបាំងឧបាយកលលើ គោករបស់ខ្លួនបានដែរ។ ឧបាយកលនេះបានបែកធ្លាយ ជាសាធារណៈរួចហើយ​ ហើយសម្តេចតេជោក៏បាប្រកាសរួចហើយ ដែរថាច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មិនមែនសំដៅបម្រើឲ្យតែក្រុមណា “បុគ្គលណាមួយនោះទេ​ គឺមានអានុភាពអនុវត្តសម្រាប់ គ្រប់អ្នកនយោបាយ និងគ្រប់គណបក្សនយោបាយ​ ។ ហេតុនេះ​ទណ្ឌិតសម​រង្ស៊ីមិនមានមុខស្អី ត្រូវមកកាងអ្នកនយោបាយ ដទៃបានឡើយ”៕