ឯកឧត្តម ផៃ ស៊ីផាន៖ ការលើកឡើងរបស់ ឯកឧត្ដម កឹម សុខា រឿងឯកភាពជាតិនោះ គ្រាន់តែជាភាសា ពាណិជ្ជកម្មប៉ុណ្ណោះ


ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល បានថ្លែងថា អ្វីដែលជាការថ្លែងរបស់ឯកឧត្ដម កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ដោយបានទូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋថា អ្នកនយោបាយខ្មែរ នៅមិនទាន់មានការឯកភាពជាតិនៅឡើយនោះ គឺគ្រាន់តែជាភាសា ពាណិជ្ជកម្ម និងដើម្បីបង្វែរអ្វីដែលជាការពិតប៉ុណ្ណោះ។
ឯកឧត្តម ផៃ ស៊ីផាន មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា បើនិយាយពីឯកភាពជាតិ និងសាមគ្គីភាពនោះ គឺស្ថិតនៅលើឆន្ទៈរបស់មហាជន ដែលស្ដែងនៅលើរដ្ឋធម្មនុញ្ញ ហើយរដ្ឋធម្មនុញ្ញក៏បានចែងបន្ដទៀត នូវលក្ខណៈនៃច្បាប់។
ឯកឧត្តមផៃ ស៊ីផាន បានលើកឡើងថា “ដូច្នេះបើយើងសាមគ្គីភាពគ្នា ឯកភាពគ្នាក្នុងការរំលោភលើច្បាប់ គឺមិនអាចទទួលយកបាននោះទេ អាស្រ័យហេតុដូច្នេះ ការមាក់ងាយព្រះមហាក្សត្រ នៅពេលដែលព្រះមហាក្សត្រ លោកកោះហៅអញ្ជើញឲ្យចូលទៅក្នុងសភា មិនគោរពនូវ សេចក្ដីស្នើ របស់ព្រះមហាក្សត្រ អាហ្នឹងចំណុចទី១ ដែលបង្ហាញថា ជាបះបោរប្រមាថដល់ព្រះមហាក្សត្រនោះឯង ចំណុចទី២ យើងឃើញការថ្លែងសារលិខិត ស្នើសុំលើកលែងទោស ពីព្រះមហាក្សត្រ រឹតតែធ្វើការរំលោភនីតិវិធី រំលោភលើផ្លូវច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា រួចស្រេចដូច្នេះឯកភាព ដែលគាត់ចង់លើកឡើង គឺជាឯកភាពស្ថិតនៅលើអ្វីទៅ? គឺស្ថិតនៅលើផ្លូវច្បាប់”។
ប្រភពៈ គេហទំព័រដើមអំពិល