បុណ្យសមុទ្រ៣ថ្ងៃនៅខេត្តកោះកុង មានភ្ញៀវទេសចរទៅកម្សាន្ដ សរុបជាង៣៥ម៉ឺននាក់ ខណៈសន្ដិសុខ សណ្ដាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ


(កោះកុង)៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រដែលប្រារព្ធធ្វើនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចូលរួមកម្សាន្ដសប្បាយ សរុបប្រមាណជាង៣៥ម៉ឺននាក់។

នេះបើយោងតាមរបាយការណ៍របស់ប្រធានគណៈកម្មការការពារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា រយៈពេល៣ថ្ងៃនេះ សភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់មានភាពល្អប្រសើរ ដោយគ្រប់គោលដៅទាំងអស់ ត្រូវបានសមត្ថកិច្ចទទួលខុសត្រូវការពារ និងរៀបចំសណ្ដាប់ធ្នាប់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ដោយឡែក លទ្ធផលអន្ដរាគមន៍ និងសង្គ្រោះវិញ សមត្ថកិច្ចបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺ ចំនួន៩៤៧នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តចំនួន៥នាក់។ បន្ថែមពីនេះ សមត្ថកិច្ចក៏បានចុះណែនាំផ្សព្វផ្សាយ អំពីបង្ការ ពន្លត់អគ្គិភ័យ និងចែកខិតប័ណ្ណស្ដីពីបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យ តាមបណ្ដាសណ្ឋាគារ ស្ដង់ តូបអាជីវកម្មផងដែរ។

សូមជម្រាបថា បុណ្យសមុទ្រលើកទី៧ ជុំទី២ ដែលប្រារព្ធនៅខេត្តកោះកុងនេះ បានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរមណីយ៕