កំពង់ឆ្នាំង៖ ក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់គាំទ្រការថែទាំសុខភាពសំខាន់សម្រាប់តាមគ្រឹះស្ថានសិក្សា ការធ្វើអនាម័យ ការលាងសម្អាតដៃ មុនពេលបរិភោគអាហារ ដោយផ្តោតលើអាហារមានជីវជាតិ បន្លែ ផ្លែឈើ ដែលមានអនាម័យ ប្រកបដោយវីតាមីន។ ការអនុវត្តការលាងដៃនៅសាលារៀន នឹងធ្វើឲ្យកុមារមានការផ្លាស់ប្តូរទម្លាប់ ទៅរករបៀបរស់នៅដែលមានអនាម័យល្អប្រសើរនៅតាមគ្រួសារ ។
ទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សា ត្រូវបានប្រារព្ធនៅបរិវេណសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ដែលជាតំណាងដល់ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល អាជ្ញាធរដែនដី មាតាបិតាសិស្ស ដៃគូអភិវឌ្ឍន៍ និងសិស្សានុសិស្សជាច្រើនរូបទៀត នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ។