នាវេលាព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ផ្នែកអូហ្សូនជាតិ នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាព្រំដែនរវាងមន្រ្តីអូហ្សូន និងមន្រ្តីគយ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការពង្រឹងសហប្រតិបត្តិការក្នុងការត្រួតពិនិត្យពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ដែលកិច្ចប្រជុំនេះ
ឧបតម្ថម្ភដោយអង្គការបរិស្ថានសហប្រជាជាតិ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែធ្នូ ឆ្នាំ២០១៨ នៅ
សណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ បានប្រកាសបើកក្រោមអធិបតីភាព លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងចូលរួមជាគណអធិបតីឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោក ប៉ាក សុខារ៉ាវុត អគ្គនាយករងគាំពារបរិស្ថាន និងមន្រ្តីបង្គោលទទួលបន្ទុកសម្របសម្រួលការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោកស្រី Nguyen Thi My Hoang មន្រ្តីសម្របសម្រួលពិធីសារម៉ុងរ៉េអាល់ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Pipat Poopeerasupong មន្រ្តីទទួលបន្ទុកពិធីសារម៉ុងរ៉េអាល់ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការបរិស្ថានសហប្រជាជាតិ រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀតសរុបចំនួន៣២នាក់។ កិច្ចពិភក្សានេះ មានគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្រ្តីអូហ្សូន និងមន្រ្តីគយនៃប្រទេសកម្ពុជា និងវៀតណាម ស្តីពីការត្រួតពិនិត្យពាណិជ្ជកម្មខុសច្បាប់សារធាតុបំផ្លាញស្រទាប់អូហ្សូននិងសារធាតុហាដ្រូភ្លុយអរ៉ូកាបូន ឆ្លងកាត់ព្រំដែន។