កិច្ចប្រជុំអន្តរក្រសួង ដើម្បី​ពិនិត្យ និងផ្តល់យោបល់លើគម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅខេត្តកំពង់ចាម


នៅ​ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹក​នាំ​កិច្ចប្រជុំអន្តរក្រសួង ដើម្បី​ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ នៅលើ​ផ្ទៃ​ដី​ទំហំ ២០​ហិក​តា ដែល​មាន ទីតាំង​ស្ថិត​នៅ​តាមដងទន្លេ​មេគង្គ ក្នុង​ភូមិកោះប៉ែន ​ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម របស់សហគ្រាស កង ម៉ារ៉ែន ដែល​​បាន​សិក្សា​វាយ​តម្លៃ​ដោយ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា ស៊ី អ៊ី អេស ខូ អិលធីឌី​។
កិច្ច​ប្រជុំ​នេះមានការ​​ចូលរួមពីតំណាងឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានពាក់ព័ន្ធនៃ​ក្រសួង​បរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និង​ថាមពល ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា រដ្ឋាបាលខេត្ត​កំពង់ចាម មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម តំណាង​នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងអង្គការ DPA ​តំណាងម្ចាស់គម្រោង និង​ក្រុមហ៊ុនទីប្រឹក្សា។
កិច្ចប្រជុំនេះ បានសម្រេច​លទ្ធផល​សំខាន់​ៗ​​រួមមាន (១). អង្គប្រជុំគាំទ្រគម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នេះ (២). ត្រូវ​កំណត់បរិមាណនៃ​ការធ្វើអាជីវកម្មបូមខ្សាច់​ក្នុង​ ០១ឆ្នាំ ឱ្យបាន​លម្អិត (៣). ត្រូវផ្អាក ឬកាត់បន្ថយសកម្មភាពអាជីវកម្មនៅក្នុងរដូវត្រីពងកូន (៤). ត្រូវដាំដើមឈើនៅ​ ទីតាំងការដ្ឋានស្តុកខ្សាច់ និង​ការដឹក​ជញ្ជូនខ្សាច់​ត្រូវ​គ្របប៉ាតង់ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយការ​ហុយ​ធូលី ព្រមទាំង​គោរព​ច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីផ្លូវថ្នល់ (៥). ត្រូវបំពាក់ប្រព័ន្ធ GPS នៅពេលបូមខ្សាច់ និង​ស្លាក​លេខទូកបូមខ្សាច់ ដើម្បីងាយស្រួលតាមដានសកម្មភាពបូមរបស់សហគ្រាស និង (៦). ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួល​នូវចំណុច​ខ្វះខាត​នៅ​ក្នុង​របាយការណ៍​វាយ​តម្លៃហេតុប៉ះពាល់​បរិស្ថាន​និងសង្គមដំបូងសម្រាប់គម្រោងនេះ ដែល​សមាជិកអង្គប្រជុំបាន​ផ្តល់យោបល់។