នាព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងវិធីទិវាជនមានពិការភាពកម្ពុជាលើកទី២០និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ក្រោមប្រធានបទ លើកកម្ពស់សិទ្ធិជនមានពិការភាពធានាដល់ការធ្វើបរិយាប័ន្ននិងសមភាព និងបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជូនជនមានពិការភាពជំនាន់ទី៣១ នៅមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការបន្ទាយព្រាប ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក លោកគ្រូ អ្នកគ្រូ បុគ្គលិកក្នុងមណ្ឌល និងសិស្ស សរុបចំនួន ២៧១ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានឧបត្ថម្ភដល់៖
+សិស្សចំនួន ១០៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។
+លោកគ្រូ អ្នកគ្រូ និងបុគ្គលិកចំនួន ១០២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល។
+មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការបន្ទាយព្រាប នូវថវិកា ៥ លានរៀល។