ខេត្តកែប៖ ព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំតូចសាលាខេត្ត មានពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាពជូនមន្ត្រីរាជការនៃរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត ។
គូសបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែធ្នូ ឆ្នាំ២០១៨ សមាសភាពអញ្ជើញចូលរួមមាន៖ នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ មន្ត្រី មន្ត្រីកិច្ចសន្យា ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត សរុបចំនួន ៦៥រូប។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងខេត្ត ក៏បានមានប្រសាសន៍ថា តាមរយៈការបណ្តុះបណ្តាលខាងលើនេះ លោក លោកស្រី អ្នកនាងកញ្ញានឹងទទួលបាននូវទស្សនទានថ្មីៗ ព្រមទាំងបទពិសោធន៍នានាពាក់ព័ន្ធនឹងកិច្ចការការងាររដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងមេរៀនពាក់ព័ន្ធទៅនឹងអភិបាលកិច្ចល្អ ដែលជាស្នូលសំខាន់របស់យុទ្ធសាស្ត្រចតុកោណ។
ជាចុងបញ្ចប់ លោកអភិបាលរង បានស្នើដល់មន្ត្រីរាជការទាំងអស់ យកចិត្តទុកដាក់ក្នុងការក្រេបជញ្ជក់យកចំណេះដឹងពីក្រុមអ្នកសម្របសម្រួលមកពីក្រសួងមហាផ្ទៃ ហេីយក្រោយពីទទួលបានចំណេះដឹងនៃវគ្គបណ្ដុះបណ្ដាលនេះហើយ ត្រូវខិតខំបំពេញតួនាទី ភារកិច្ច នៅតាមទីចាត់ការ និងអង្គភាពរបស់ខ្លួនឲ្យប្រកបដោយ គុណភាព ប្រសិទ្ធភាព និងភាពជឿជាក់៕