នៅមហោស្រពស្មាមញញឹមអង្គរខេត្តសៀមរាប កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៨នេះ មានប្រារព្ធទិវាជាតិលើកទី១២ ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធាន អចិន្ត្រៃយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្ត ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង បណ្តាអង្គការសង្គមស៊ីវិល ព្រមទាំងមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និសិ្សត ក្រុមយុវជនកាយរឹទ្ធកម្ពុជា និងយុវជនកាកបាទក្រហម សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណ១ពាន់នាក់ចូលរួម ។
លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបញ្ជាក់ពីលទ្ធផលដែលអនុវត្តបាន ក្នុងឆ្នាំ២០១៨ យុទ្ធសាស្ត្រប្រឆាំងការជួញដូរមនុស្ស ការការពារ ស្តារនីតិសម្បទា សមារណកម្មនិងមាតុភូមិនិវត្តន៍ ការងារ កិច្ចយុត្តិធម៌ និង កិច្ចសហប្រតិបត្តិការ ព្រមទាំងការងារបណ្តុះបណ្តាល លើក កម្ពស់សមត្ថភាពទៀតផង ។
បន្ទាប់ពីទស្សនានូវកម្រងភាពយន្តឯកសារ ទាក់ទងការជួញដូរ កេងប្រវ័ញ្ច និង ធ្វើអាជីវកម្មផ្លូវភេទ តាមរយៈមេខ្យល់ ក្រុមអ្នករកស៊ីរត់ពន្ធមនុស្ស និង បានប្រើប្រាស់គ្រប់កលល្បិចបោកប្រាស់ ទៅតាមគ្រប់រូបភាព ហើយកុមារមួយចំនួនត្រូវបានធ្លាក់ខ្លួនទៅក្នុង អំពើពេស្យាចារ ដោយរងនូវអំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង ឬឪពុកម្តាយយកទៅលក់ ដើមី្បសង់បំណុលគេ និង កុមារមួយចំនួនត្រូវបានបង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលត្រូវបានគេយកទៅលក់ និង កត្តាមួយចំនួនក៏ធ្វើឲ្យស្ត្រី និង កុមារងាយរងគ្រោះ ។
លោកជំទាវ ជូ ប៊ុនអេង ក៏បានលើកឡើងថា ទិវាជាតិលើកទី១២ ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ក្នុងគោលបំណង បង្ហាញអំពីឆន្ទះមុះ មុតរបស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋគ្រប់រូបក្នុងការ រួមគ្នា បង្ការ បង្រ្កាប ផ្តន្ទាទោស សង្រ្គោះ និង ការពារ ដើមី្បកម្ពុជាគ្មានអំពើជួញដូរមនុស្ស ។ ម៉្យាងទៀតរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ការលំបាក ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដើមី្បឲ្យប្រជាជនកម្ពុជា និង មនុស្សជាតិ ទទួល បានការគោរពសិទ្ធិសេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និង ភាពសុខុដុមរមនា ។ លោកជំទាវក៏បានបញ្ជាក់ ពី ការប្តេជ្ញារចិត្តរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហការជាមួយបណ្តាដៃគូពាក់ព័ន្ធនានា និង ទាមទារឲ្យមានកិច្ចសហការ កាន់តែជាក់លាក់ពីបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយក្នុងតំបន់ និង លើពិភពលោក ដើមី្បរួមគ្នាបង្រ្កាបអំពើជួញដូរ មនុស្ស គ្រប់រូបភាព និង ផ្តន្ទាទោសជនល្មើសឲ្យបានម៉ឹងម៉ាត់ ដើមី្បកាត់បន្ថយ លុបបំបាត់ប្រសិទ្ធភាពបទល្មើស។
លោកជំទាវ ជូ ប៊ុនអេង ក៏បានបន្តទៀតថា កម្ពុជានឹងពង្រឹងការអនុវត្តច្បាប់ អនុសញ្ញា កតិកាសញ្ញាអន្តរជាតិ ច្បាប់ជាតិ អនុស្សរណៈកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ផែនការសកម្មភាពរួម ផែនការជាតិ ព្រមទាំងបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការគាំទ្រ លើកកម្ពស់កិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិ ការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់លំដាប់ថ្នាក់ ឲ្យមានលទ្ធភាព សមត្ថភាព និង ធនធានគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អ ។ ខ្លឹមសារនៃទិវាជាតិលើកទី១២ ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៨នេះ បានផ្តោតសំខាន់ចំពោះបទល្មើស ការពរពោះជំនួស ដែលជាបទឧក្រិដ្ឋមួយ ក្នុងការ ជួញដូរទារក នាំចេញទៅក្រៅប្រទេស ។ ម៉្យាងទៀត រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រការធ្វើទេសន្តរប្រវេសន៍ការងារ ស្របច្បាប់ សម្រាប់ជាជម្រើស ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និង សង្គម ។
លោកជំទាវ ជូ ប៊ុនអេង ក៏មានសង្ឃឹមជឿជាក់ថា ការបា្ររព្ធទិវានៅថៃ្ងនេះជាស្មារតីយល់ដឹងដ៏មានសារៈសំខាន់បំផុត ក្នុងការផ្សព្វផ្សាយជាសាធារណៈ បំផុសកិច្ចចូលរួមក្នុងការអនុវត្តច្បាប់ ស្តីអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តីនិងកុមារ ព្រមទាំងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ការគាំទ្រ បន្តការសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ដើម្បីអនុវត្តច្បាប់នេះ ឲ្យកាន់តែមានប្រសិទ្ធិភាព និងជោគជ័យថែមទៀត ដើម្បីប្រជាជននិងប្រទេស ជាតិយើង ៕