ឯកឧត្តម សុខ ឥសាន បានលើកឡើង ថា “ពលរដ្ឋកម្ពុជាគ្រប់រូប សុទ្ធតែមានសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សេដ្ឋកិច្ច សង្គម វប្បធម៌សិល្ប: និងមានភាពស្មើភាពគ្នាចំពោះមុខច្បាប់ទោះមានតួនាទីតំណែងអ្វីក៏ដោយ


ភ្នំពេញ៖ ក្រោយពីក្រុមប្រឆាំង និងអ្នកវិភាគនានា ធ្វើការរិះគន់ចំពោះការ បោះឆ្នោតជ្រើសតាំង លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន និងមន្រ្តី ជាន់ខ្ពស់៦រូប ផ្សេងទៀត ជាសមាជិកគណៈអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចឯកឧត្តម សុខ ឥសាន
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ចេញប្រតិកម្មតបវិញថា អ្នកដែលនិយាយថាការ បញ្ចូលមន្ត្រីយោធា និងមន្ត្រីតុលាការ ទៅក្នុងរចនាសម្ព័ន្ធដឹកនាំ គណបក្ស​ ធ្វើឲ្យបាត់បង់ អព្យាក្រឹត្យភាពកងទ័ព​ គឺមិនយល់ពីច្បាប់ ។

សូមរំលឹកថាក្នុងមហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ធ្នូ បានសម្រេចបោះឆ្នោត ជ្រើសតាំងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ , លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស , លោក ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធលខេមរភូមិន្ទ, លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយៈ បណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី២១ធ្នូនេះថា “ពលរដ្ឋកម្ពុជាគ្រប់រូប សុទ្ធតែមានសិទ្ធិនយោបាយ​ សិទ្ធិពលរដ្ឋ​ សេដ្ឋកិច្ច​ សង្គម​ វប្បធម៌សិល្ប:​ និងមានភាពស្មើភាពគ្នាចំពោះមុខច្បាប់​ទោះមានតួនាទី​តំណែងអ្វីក៏ដោយ​ មិនត្រូវបានដកហូតសិទ្ធិនយោបាយពលរដ្ឋឡើយ​ ។

ការបញ្ចូលមន្ត្រីយោធា​ មន្ត្រីតុលាការ​ ទៅក្នុងរចនាសម្ពន័ន្ធដឹកនាំរបស់គណបក្ ​ជាពិសេសគណបក្សកាន់អំណាច មិនមានប៉ះពាល់ដល់អព្យាក្រឹត្យភាព នៃមុខតណែងរបស់មន្ត្រី ទាំងនោះឡើយ​ “។

ឯកឧត្តម បញ្ជាក់ថា” មន្ត្រីយោធា​ មន្ត្រីតុលាការ​មានជំហរអព្យាក្រឹត្យ រវាងគណបក្សនយោបាយ និងគណបក្សនយោបាយ​ តែមិនអព្យាក្រឹត្យរវាងគណបក្សនយោបាយ និងរាជរដ្ឋាភិបាល របស់គណបក្សកាន់អំណាចឡើយ។ កងយោធា គឺជាកងទ័ពរបស់ជាតិ​ មានតួនាទីភារកិច្ចការពារជាតិ​ ការពារប្រជាជន​និងការពាររាជរដ្ឋាភិបាល កម្ពុជារបស់ជាតិ​ ។ តាមច្បាប់បោះឆ្នោត​ មន្ត្រីយោធា​ មន្ត្រីតុលាការ មានសិទ្ធិធ្វើនយោបា​គ្រាន់តែ នៅពេលធ្វើសកម្មភាពមិនត្រូវ ប្រើប្រាស់ម៉ោងស្នូលរបស់អង្គភាព​ មិនស្លៀកពាក់ឯកសណ្ឋានអង្គភាព​ មិនប្រដាប់អាវុធ​តែប៉ុណ្ណោះ​”៕