ឯកឧត្តម លី សុផាន់ណា៖ កម្ពុជាគ្មានច្បាប់ជាប់គុកជំនួសទេ


(ភ្នំពេញ)៖ ឯកឧត្តម លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា កម្ពុជាមិនមានច្បាប់ឱ្យជាប់ពន្ធនាគារជំនួសនៅទេ ហើយការអនុវត្តទោសត្រូវធ្វើចំពោះបុគ្គលជាចារី អ្នកសមគំនិត អ្នកផ្តើមគំនិត ដែលជាទណ្ឌិតដោយផ្ទាល់។
ការអះអាងរបស់ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ បានធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស បានលើកឡើងនាថ្មីៗនេះថា លោកសុខចិត្តជាប់ពន្ធនាគារជំនួសសកម្មជន និងមន្រ្តីរបស់លោកដែលកំពុងជាប់នៅពន្ធនាគារព្រៃសនាពេលនេះ បើសិនជាគណបក្សកាន់អំណាច និងតុលាការយល់ព្រម។
ឯកឧត្តម លី សុផាណា បន្តថា «ពន្ធនាគារឬមណ្ឌលអប់រំកែប្រែជាកន្លែងសម្រាប់អនុវត្តទោសទៅលើទណ្ឌិត និងសម្រាប់អប់រំកែប្រែជនទាំងនេះដើម្បី ធ្វើសមាហរណកម្មទៅក្នុងសង្គម ក្រោយពីអនុវត្តទោសរួចជាស្ថាពរ។ ការអនុវត្តទោសត្រូវធ្វើចំពោះបុគ្គលជាចារី អ្នកសមគំនិត អ្នកផ្តើមគំនិត ដែលជា ទណ្ឌិតដោយផ្ទាល់និងមិនអាចជំនួសបាន។ ពន្ធនាគារនេះក៏ជាទីកន្លែងសម្រាប់អនុវត្តនូវការឃុំខ្លួនលើជនត្រូវចោទ ឬជនជាប់ចោទ ឬពិរុទ្ធជនដែលត្រូវបានចោទប្រកាន់ ឬប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយមិនអាចជំនួសដោយបុគ្គលដទៃនោះឡើយ»