ឯកឧត្តម សុខ ឥសាន៖ អ្នកជាប់ពន្ធនាគារ របស់ CNRP មិនប៉ះពាល់ដំណើរការបោះឆ្នោត


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជកម្ពុជា (CPP)  ឯកឧត្តម សុខ ឥសាន បានថ្លែងថា ចំពោះអ្នកជាប់ពន្ធនាគារព្រៃស របស់តំណាងរាស្រ្ត និងសកម្មជន គណបក្សសង្រ្គោះជាតិ (CNRP) មិនប៉ះពាល់ដល់ ដំណើរការបោះឆ្នោតឡើយ។
ឯកឧត្តម សុខ ឥសាន លើកឡើងបែបនេះ បន្ទាប់ពីលោកយឹម សុវណ្ណ អ្នកនាំពាក្យ CNRP បាន អំពាវនាវឲ្យ CPP រួមគ្នាដោះស្រាយ បញ្ហាដែលកំពុងតែកើតមានឡើង  នាពេលបច្ចុប្បន្ន ហើយបើមិនរួមគ្នាដោះស្រាយទេ ដំណើរការបោះឆ្នោត ក៏មិនត្រឹមត្រូវ និងយុត្តិធម៌ដែរ។
ឯកឧត្តម សុខ ឥសាន បានលើកឡើងថា “អ្នកណាប្រព្រឹត្តិខុសច្បាប់ ត្រូវតែទទួលទោសនឹងច្បាប់ ត្រូវទទួលនីតិវិធី របស់តុលាការ ហើយគ្មានពាក់ព័ន្ធ ជាមួយដំណើរការបោះឆ្នោតទេ”។
ឯកឧត្តមបន្ដថា ចំពោះដំណើរការបោះឆ្នោត ប្រព្រឹត្តទៅជាធម្មតា ចំណែកមន្ដ្រី CNRP ជាប់ពន្ធនាគារជារឿងផ្លូវច្បាប់ ហើយប្រសិនបើអត់មាន CNRP កម្ពុជាក៏ដំណើរបោះឆ្នោតបានដដែល។