ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តលើធម្មនុញ្ញភាពនៃច្បាប់បើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាមអាចធ្វើសកម្មភាពនយោបាយឡើងវិញ


សំណើកែប្រែច្បាប់ស្តីពីគណបក្សនយោបាយដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាមអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើង វិញនោះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាឯកច្ឆ័ន្ទថា សេចក្តីស្នើច្បាប់នេះស្របតាមរដ្ឋធម្មនុញ្ញ។ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យឃើញថា ស្របតាមរដ្ឋមនុញ្ញហើយនោះ ការកែប្រែច្បាប់មួយនេះនឹងត្រូវចូលជាធរមាន ក្រោយពេលព្រះមហាក្សត្រឡាយព្រះហស្ថលេខានៅលើរាជក្រមប្រកាសឲ្យប្រើប្រាស់។

ការអនុម័តនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅអគារ «ស» វិមានរដ្ឋចំការមន ក្រោមអធិបតីភាពរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។​ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញបានឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យឃើញថាច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ គឺស្របនឹងរដ្ឋធម្មនុញ្ញ។

សូមជម្រាបថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺជាការបើកផ្លូវឲ្យអ្នកនយោបាយដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។ សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូបដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានអះអាងថា ការកែប្រែច្បាប់នេះមិនមែនតម្រូវចិត្តបក្ស ឬបុគ្គលណាមួយនោះទេ តែសម្រាប់ជាប្រយោជន៍ដល់គ្រប់គណបក្សនយោបាយ និងអ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ច្បាប់នេះ គឺជាការបើកផ្លូវមួយឲ្យសមាជិកអតីតគណបក្សសង្គ្រោះជាតិ១១៨នាក់ ដែលត្រូវហាមឃាត់ដោយអំណាចសាលក្រមតុលាការកំពូលកាលពីចុងឆ្នាំ២០១៧នោះ អាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ និងអាចចូលរួមការប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០២២ផងដែរ៕