សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា


នៅវិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ក្នុងជំនួបនោះ លោក Wang Wentian បានបង្ហា
ញនូវក្តីមោទនភាព និងរីករាយ ដែលលោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅពេលនេះ គឺស្របទៅនឹងខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ក្នុងន័យនេះ លោកបានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះមុខសម្តេចតេជោថា នៅក្នុងការបំពេញ បេសកកម្មការទូតនៅកម្ពុជា លោក នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជនប្រទេសទាំងពីរ ជាពិសេសកម្ពុជា ដែលជាមិត្តចាស់ មិត្តល្អ និងមិត្តដែកថែបរបស់ចិន។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោក Wang Wentian ដែលត្រូវបានរដ្ឋាភិបាលចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្តេចក៏បានឯកភាពជាមួយនឹងការលើកឡើង របស់លោក Wang Wentian ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងកម្ពុជា-ចិន ដោយសម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានវិវឌ្ឍន៍ជាច្រើនដំណាក់មកហើយ រហូតមកដល់ពេលបច្ចុប្បុននេះ បានក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្លាយជាមិត្តដែកថែបជាមួយគ្នាទៀតផង។

សម្តេចបានលើកទឹកចិត្ត ដល់លោក Wang Wentian ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួន ធ្វើយ៉ាងណាជំរុញឲ្យទទួលបានជោគជ័យ នូវរាល់គម្រោង ដែលមេដឹកនាំប្រទេសទាំងពីរ បានចុះហត្ថលេខារួមគ្នារួចមកហើយ។ សម្តេចក៏ស្នើឲ្យភាគីចិន បន្តស្វែងរកនូវកិច្ចសហប្រតិបត្តិការ ផ្សេងៗទៀត លើគ្រប់វិស័យ ដើម្បីការរីកចម្រើន នៃប្រទេសទាំងពីរ។ សម្តេចក៏បានជូនពរ ឲ្យលោក Wang Wentian ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូត នៅកម្ពុជា៕