អភិបាលខេត្តកំពង់ចាម នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅជូនអតីតនាយកសាលាស្តៅ ដែលកំពុងជួបការលំបាក និងមានជំងឺប្រចាំកាយ


(កំពង់ចាម)៖ បន្ទាប់ពីទទួលដំណឹងថា អតីតគ្រូបង្រៀនម្នាក់ កំពុងជួបការលំបាកក្នុងជីវភាព ព្រមទាំងមានជំងឺប្រចាំកាយផងនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពងចាម និងជាអនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ចាម បាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនអតីតនាយកសាលាស្តៅ ម្នាក់ឈ្មោះ ម៉ៅ មី នៅភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

អំណោយដែលបានផ្តល់ជូន នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ រួមមាន៖ ថវិកាចំនួន២លានរៀល ដោយឡែកថវិកាសប្បុរសជន មានចំនួន២០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ។

ស្ថិតក្នុងឱកាសសំណេះសំណាលយ៉ាងកក់ក្តៅនោះ ឯកឧត្តម គួច ចំរើន ក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកគ្រូ ម៉ៅ មី ក៏ដូចជាក្រុមគ្រួសារ ដែលលោកគ្រូបានចំណាយពេលវេលាស្ទើរតែអស់មួយជីវិត ក្នុងការជួយបង្ហាត់បង្រៀនសិស្សានុសិស្សនាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ថ្វីត្បិតតែអំណោយ ដែលប្រគល់ជូនលោកគ្រូនាពេលនេះ តិចតួចក្តីប៉ុន្តែវា បានចូលរួមចំណែក ជួយសម្រាលបន្ទុកមួយចំនួន ដល់គ្រួសារលោកគ្រូផងដែរ។

ឯកឧត្តមថា ដូច្នេះបញ្ហាចំពោះមុខសូមលោកគ្រូ ថែទាំសុខភាពឲ្យបានល្អប្រសើរ តាមរយៈអញ្ជើញទៅពិនិត្យសុខភាពរបស់ខ្លួន នៅតាមមណ្ឌលសុខភាពដែលនៅជិត ឬទៅកាន់មន្ទីរពេទ្យក៏បាន ដោយការពិនិត្យព្យាបាលនេះ មិនមានការបង់ប្រាក់អ្វីឡើយ ជាពិសេសការហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីសុខភាពកាន់តែប្រសើរឡើង។

ជាងនោះទៅទៀត ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យមន្ត្រីអាជ្ញាធរ ជួយជួលជុលដំបូលផ្ទះជូន លោក ម៉ៅ មី ផងដែរ។ ជាការឆ្លើយតបទៅ និងអំណោយទាំងអស់នេះ ក្រុមគ្រួសារ លោកគ្រូ ម៉ៅ មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងសូមជូនពរដល់សម្ដេចទាំងពីរ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឲ្យបានរីកចំរើនតទៅ៕