សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ បន្តអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅលេងកម្សាន្ត នៅវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទល់មុខពហុកីឡដ្ឋាន «មរតកតេជោ» ក្នុងតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវនៅលើ Facebook យ៉ាងដូច្នេះ «សូមបងប្អូនមកទស្សនា «វិមាន ឈ្នះ ឈ្នះ» ឲ្យបានឃើញផ្ទាល់ភ្នែកអំពីស្នាដៃស្ថាបត្យកម្មថ្មី ដែលកសាងដោយកូនខ្មែរ ហើយចូលរួមទស្សនាកម្សាន្តជាមួយកម្មវិធីតន្ត្រី និងទស្សនាពិព័រណ៍ ជាមួយការរៀបចំស្តង់ម្ហូបអាហារ និងស្តង់លក់សម្ភារៈបរិក្ខារ សម្លៀកបំពាក់ច្រើននៅទីនេះរហូតដល់ថ្ងៃទី៣១ ធ្នូ»។
សូមបញ្ជាក់ថា វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត រដ្ឋទូត មិត្តភក្តិបរទេស និងមហាជនយ៉ាងច្រើនកុះករ។
វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានសាងសង់ឡើង ដើម្បីជានិមិត្តរូបនៃការបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិនៅកម្ពុជា។ វិមាននេះ បានសាងសង់ឡើងដោយរំលេចនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាពាក់ព័ន្ធដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរ និងឈានទៅចរចាបញ្ចប់សង្គ្រាមដោយនាំកងទ័ពខ្មែរក្រហមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នឹងក្លាយទៅជារមណីយដ្ឋានប្រជុំទេសចរណ៍នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរនៅតំបន់នោះ គឺជាទីក្រុងរណបក្នុងរាជធានីភ្នំពេញ៕