សម្ដេចក្រឡាហោម ស ខេង បដិសេធចំពោះសម្ដី​ទណ្ឌិត សម រង្ស៊ី ថា​ សម្ដេចហាមឃាត់មិនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ, នេះជាការមួលបង្កាច់ ដើម្បីបិតបាំងភាពកំសាក


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ បានធ្វើការបដិសេធចោលទាំងស្រុង ចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ីថា សម្ដេចហាមឃាត់មិនឲ្យវិលត្រឡប់មកប្រទេសកម្ពុជា ដែលនេះការមួលបង្កាច់សុទ្ធសាធរបស់ទណ្ឌិតរូបនេះ ដើម្បីតែបិទបាំងភាពកំសាករបស់ខ្លួន ក្នុងន័យចង់បន្ដរត់គេចពីសំណាញ់ច្បាប់នៅកម្ពុជាតែប៉ុណ្ណោះ។

ការប្រកាសបដិសេធរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី តាមរយៈវិទ្យុអាស៊ីសេរី ដែលស៊ីឈ្នួលបំពងសំឡេងឲ្យបរទេស បាននិយាយចោទប្រកាន់ មួលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសមកលើសម្ដេចក្រឡាហោម ស ខេង ផ្ទាល់តែម្ដង អំពីដំណើរការដោះស្រាយបញ្ហានយោបាយកម្ពុជា។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏សង្កត់ធ្ងន់ ទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទាទោសរួចហើយ ដូច្នេះទណ្ឌិតរូបនេះ សម្រេចរត់គេចខ្លួន​មិនចូលប្រទេសដោយខ្លួនឯង ហើយការត្រឡប់ចូលប្រទេសវិញ ឬយ៉ាងណានោះវាស្ថិតនៅលើបុគ្គល សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ គ្មានអ្នកណាហាមឃាត់ឡើយ។

តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសបដិសេធដែលមានខ្លឹមសារទាំងស្រុង យ៉ាងដូច្នេះថា​

«សេចក្តីប្រកាសបដិសេធ ថ្មីៗនេះក្នុងការផ្សាយរបស់វិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បាននិយាយចោទប្រកាន់ មួលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសមកលើរូបខ្ញុំ អំពីដំណើរការដោះស្រាយបញ្ហានយោបាយកម្ពុជា នាពេលកន្លងមក។ ការលើកឡើងរបស់លោក សម រង្ស៊ី ដែលនិយាយថា ខ្ញុំបានហាមឃាត់គាត់ មិនឲ្យវិលត្រឡប់មកប្រទេសវិញ នោះគឺជាពាក្យសម្តីមួលបង្កាច់ ដើម្បីបិតបាំងភាពកំសាក រត់គេចចេញពីសំណាញ់ច្បាប់របស់ខ្លួន តែប៉ុណ្ណោះ។

ក្នុងនាមជាអ្នកដែលចូលរួមក្នុងឆាកនយោបាយ សម្ដេចដូចជាមិនដល់ថ្នាក់ឆោតល្ងង់ប្រាប់ សម រង្ស៊ី មិនឲ្យវិលចូលស្រុកនោះទេ។ ប្រការនេះខុសទាំងស្រុង ពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលាឲ្យ សម រង្ស៊ី មានលេសវាយប្រហារមកលើរូបសម្ដេចវិញ នៅពេលដែលសមត្ថកិច្ចបានទទួលដីកាដើម្បីចាប់ខ្លួន សម រង្ស៊ី រួចហើយ។

សម្ដេចសូមបញ្ជាក់ថា លោក សម រង្ស៊ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទាទោសរួចហើយ។ ទណ្ឌិតរូបនេះសម្រេចរត់គេចខ្លួន មិនចូលប្រទេសដោយខ្លួនឯង ហើយការត្រឡប់ចូលប្រទេសវិញ ឬយ៉ាងណានោះវាស្ថិតនៅលើបុគ្គល សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ គ្មានអ្នកណាហាមឃាត់ឡើយ។

ការចេញដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី គឺត្រូវបានប្រកាសជាសាធារណៈ ហើយការបញ្ជាក់របស់សម្ដេចចំពោះសារព័ត៌មាន និងសាធារណៈមតិជាតិ និងអន្តរជាតិ អំពីដីកាចាប់ខ្លួននេះ គឺធ្វើឡើងជាសាធារណៈ​ដែលមិនមានអ្វីជាអាថ៍កំបាំងឡើយ​។ ការដែល សម រង្ស៊ី និយាយថា សម្ដេចមានការលំបាកធ្វើការជាមួយ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះគឺជារឿងភូតកុហកបោកប្រាស់សុទ្ធសាធ ប្រការនេះ សម រង្ស៊ី ចង់ឲ្យសាធារណៈមតិ មានការភ័ន្តច្រលំ មកលើរូបសម្ដេចនិងជាល្បិចកលនយោបាយរបស់លោក សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ។

ធាតុពិតគឺ សម រង្ស៊ី ទេ ដែលសម្ដេចពិបាកធ្វើការជាមួយ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ សម្ដេចដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា រីឯលោក សម រង្សី តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ សម្ដេច និង សម រង្ស៊ី បានជជែកគ្នាតាមទូរស័ព្ទ អំពីសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ រវាងគណបក្សទាំងពីរ។

សម្ដេចបានសុំយោបល់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សម្ដេច និង សម រង្ស៊ី បានឯកភាពទាំងស្រុង ហើយសង្ឃឹមថា នៅព្រឹកថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នឹងបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រាងនោះ នៅក្នុងកិច្ចប្រជុំនៅមន្ទីររដ្ឋសភា។ ប៉ុន្តែផ្ទុយពីការរំពឹងទុក ពេលចាប់ផ្តើមភ្លាម លោក កឹម សុខា បានជំទាស់នឹងសេចក្តីព្រាង​នោះទាំងស្រុង ដែលនាំឲ្យកិច្ចចរចារត្រូវបរាជ័យ ហើយពួកគេងាកទៅរកប្រមូលកម្លាំងប្រជាជ​ន ធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងធ្វើបដិវត្តន៍ពណ៌ជាបន្តទៀត។

បញ្ហានេះទេ ដែលបញ្ជាក់ថា សម រង្សី ជាមនុស្សពិបាកធ្វើការ និយាយបាតដៃជាខ្នងដៃ មិនទៀងត្រង់ ក្រឡិចក្រឡុច មិនទទួលខុសត្រូវ និងអាចនិយាយបានថាគឺ សម រង្ស៊ី ទេជាអ្នកបោកសម្ដេចថែមទៀតផង។ សម្ដេចសូមបញ្ជាក់ថា ខ្លួនសម្ដេចផ្ទាល់បានរួមការងារជាមួយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈដើម្បីដោះស្រាយបញ្ហាជាតិ ជាង៤០ឆ្នាំកន្លងមកហើយ។ ជោគជ័យនៃការបោះឆ្នោតអាណត្តិ​ទី៦កន្លងទៅនេះ បានបញ្ជាក់យ៉ាងច្បាស់ តាមរយៈនូវការឯកភាពខ្ពស់ និងភាពកាន់តែរឹងមាំនៃគណបក្សប្រជាជនកម្ពុជា»៕