អភិបាលរាជធានីភ្នំពេញ៖ ពលរដ្ឋជាង១៥ម៉ឺននាក់ បានចូលរួម និងអញ្ជើញទស្សនានៅវិមានឈ្នះឈ្នះ សម្រាប់ថ្ងៃទី​១


អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រាប់បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះថា កាលពីម្សិលមិញ ពេញមួយថ្ងៃតែម្ដង ពោលតាំងពីពេលព្រឹក រហូតដល់ពេលយប់ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរអន្ដរជាតិជាង១៥ម៉ឺននាក់ បានអញ្ជើញ និងដើរលេងកម្សាន្ដ ទស្សនាវិមានឈ្នះឈ្នះយ៉ាងសប្បាយរីករាយ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលព្រឹកមានបងប្អូនប្រជាពលរដ្ឋបានចូលរួមជាមួយកម្មវិធីជាមួយសម្តេចតេជោប្រមាណ៧ម៉ឺននាក់ និងចាប់ពីពេលនោះ មកដល់ពេលយប់មានជាង៨ម៉ឺននាក់»

សម្រាប់បញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈវិញ ត្រូវបានអភិបាលរាជធានីភ្នំពេញ បញ្ជាក់យ៉ាងម៉ឺងម៉ាត់ អមដោយសំណើចថា No Problem ពោលគ្មានបញ្ហាអ្វីទាំងអស់ ខណៈដែលកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបានដាក់ពង្រាយការពារយ៉ាងល្អប្រសើរជូនអ្នកទស្សនាទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឲ្យរដ្ឋបាលខណ្ឌដូនពេញ ទទួលខុសត្រូវលើការងារទទួលផ្ញើយានជំនិះគ្រប់ប្រភេទ គឺមិនត្រូវយកថវិកា ពីបងប្អូនប្រជាពលរដ្ឋ ដែលបានមកកំសាន្ត និងឆ្លងឆ្នាំសាកល ព្រមទាំងទស្សនាវិមានឈ្នះឈ្នះ នៅក្នុងបរិវេណវិមានឈ្នះឈ្នះនោះទេ។

រដ្ឋបាលខណ្ឌដូនពេញ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកលេងកំសាន្ត និងចូលរួមឆ្លងឆ្នាំសាកល រាប់ថយក្រោយទាំងអស់គ្នា ឲ្យបានច្រើនកុះករ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះដោយភាពសប្បាយរីករាយ។

កាលពីព្រឹកមិញ តាមរយៈ Facebook នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តនៅវិមានឈ្នះ-ឈ្នះ ដោយបានទុកដាក់សំរាមបានត្រឹមត្រូវ មិនបោះចោលពាសវាលពាសកាល ធ្វើឲ្យការសម្អាតសំរាម មានរយៈពេលខ្លី។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណ និងសូមកោតសរសើរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទុកដាក់សំរាម ក្នុងធុងសំរាមបានល្អប្រសើរ មិនបោះសំរាមពាសវាលពាសកាល ធ្វើឱ្យការសម្អាតលើសួនច្បារវិមាន ប្រើរយៈពេលខ្លី និងមានសោភ័ណភាពល្អស្រស់បំព្រង»

នៅយប់មិញ កាំជ្រួចប្រមាណ៩ម៉ឺនគ្រាប់ ក៏ត្រូវបានបាញ់រំលេចសម្រស់លើវេហារ។ ការបាញ់កាំជ្រួចនេះ មានភាពអស្ចារ្យដោយមានរយៈពេលវែង​ និងមានរំលេចចេញជារូបផ្សេងៗ ដូចជាបេះដូងជាដើម។

សម្រស់ភ្លើងកាំជ្រួចដ៏ស្រស់ស្អាត​ និងមានភាពអស្ចារ្យមិនធ្លាប់មាននៅកម្ពុជានោះ​ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តដ៏ច្រើនកុះករ។ ក្រៅពីការបាញ់កាំជ្រួច​ ក៏មានការប្រគំតន្ត្រី​ និងផ្ទាំងទស្សនីយភាពសិល្បៈមួយចំនួនទៀតផងដែរ។

ដោយឡែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃអាទិត្យនេះ ក៏នៅបន្តអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅលេងកម្សាន្ត នៅវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទល់មុខពហុកីឡដ្ឋាន «មរតកតេជោ» ក្នុងតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវនៅលើ Facebook យ៉ាងដូច្នេះ «សូមបងប្អូនមកទស្សនា «វិមាន ឈ្នះ ឈ្នះ» ឲ្យបានឃើញផ្ទាល់ភ្នែកអំពីស្នាដៃស្ថាបត្យកម្មថ្មី ដែលកសាងដោយកូនខ្មែរ ហើយចូលរួមទស្សនាកម្សាន្តជាមួយកម្មវិធីតន្ត្រី និងទស្សនាពិព័រណ៍ ជាមួយការរៀបចំស្តង់ម្ហូបអាហារ និងស្តង់លក់សម្ភារៈបរិក្ខារ សម្លៀកបំពាក់ច្រើននៅទីនេះរហូតដល់ថ្ងៃទី៣១ ធ្នូ»