កសិកម្មចុះអនុស្សារណៈជាមួយក្រុមហ៊ុនចិន Tian Rui


veng-sakon-20-10-16-2-copy

     ក្រសួងកសិកម្ម និងក្រុមហ៊ុនរបស់ចិន បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សារណៈ បានធ្វើនៅព្រឹកថ្ងៃទី១៩ ខែតុលា រវាងក្រសួងកសិកម្មកម្ពុជា ជាមួយ ក្រុមហ៊ុន Tian Rui(Cambodia) Agricultural Cooperation SEZ Co,. Ltd. នៅទីស្តីការក្រសួងកសិកម្ម។

     ពិធីនោះបានធ្វើឡើង ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និងប្រធានក្រុមហ៊ុនចិន លោក ស៊ិន ជិន ។ អនុស្សរណៈយោគយល់គ្នា បានផ្ដោតទៅលើ ៦ចំណុច រួមមានៈ

     ក្រុមហ៊ុនចិន Tian Rui ចូលរួមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម… បង្កើតឃ្លាំងស្តុកផលិតផលកសិកម្ម… បង្កើតម៉ាស៊ីនវេចខ្ចប់ផលិតផលកសិកម្មសម្រាប់នាំចេញ… បង្កើតបណ្ដាញពិសេសសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ… គាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យអនាម័យ… ការរៀបចំផ្សារណាត់… ការតាំងពិព័រណ៍… សិក្ខាសាលា សន្និសីទ និងវេទិកានានាផងដែរ។

     ការចុះអនុស្សរណៈយោគយល់គ្នានោះ បានធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលបានបើកផ្លូវកិច្ចសហប្រតិបត្តិគ្រប់វិស័យ រវាងប្រទេសចិននិងកម្ពុជា។ ដំណើរទស្សនកិច្ចប្រធានាធិបតីចិន កាលពីសប្តាហ៍មុន បានជួយកម្ពុជាលើការលុបបំណុលចំនួន ៦០០លានយ័ន្ត ឆ្នាំ២០១៥… ការជួយទិញអង្ករខ្មែរ ២០ម៉ឹនតោន ក្នុង ១ឆ្នាំៗ… ការជួយកសាងផ្លូវមួយខ្សែនៃក្រវាត់សេដ្ឋកិច្ច… ការជួយកសាងផ្លូវលេខ៥១… ការជួយប្រព័ន្ធធារាសាស្ត្រវ៉ៃកូជំហានទី២… ការជួយវិស័យយោធាកម្ពុជា នូវជំនួយឥតសំណង១០០លានយ័ន្ត… ការផ្តល់អាហារូបករណ៍៥០០កន្លែង និងអាហារូបករណ៍បំរុងចំនួន ១០០កន្លែង… ការហោះហើរត្រង់ពីប៉េកាំងមកភ្នំពេញ… ការជួយជួសជុលប្រាសាទព្រះវិហារ… ការជួយជម្រុញវិស័យទេសចរណ៍ ២លាននាក់ នៅឆ្នាំ២០២០… ការជម្រុញវិស័យវិនិយោគទុន ៥ពាន់លានយ័ន្ត ឆ្នាំ២០១៧…និងការជួយជម្រុញអ្នកវិនិយោគផ្នែករថភ្លើងលឿននៅកម្ពុជា។