(ភ្នំពេញ)៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានស្នើនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលហ្សេឡង់ ប្រឹងប្រែងសិក្សា ដើម្បីក្របជញ្ជក់ចំណេះវិជ្ជា និងដកស្រង់បទពិសោធន៍ល្អៗពីការអភិវឌ្ឍនៅក្នុងប្រទេសទាំងពីរ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្រោយពេលបញ្ជប់ការសិក្សា។
សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានធ្វើឡើងនាឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលហ្សេឡង់ចំនួន ៣៥នាក់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩ ដើម្បីចែករំលែកអនុសាសន៍មួយចំនួន មុនពេលពួកគេចាកចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នាពេលឆាប់ៗខាងមុខនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន បានសម្តែងការអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានជម្រាបជូនអំពីសាវតាសង្ខេប បេសកកម្ម និងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធការងាររបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងគោលនយោបាយ និងសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០១៨។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ក៏បានលើកទឹកចិត្តនិសិ្សតជ័យលាភីទាំងអស់ ធ្វើការប្រកាន់ខ្ជាប់នូវអត្តសញ្ញាណរបស់ជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជនតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហការជាមួយនិស្សិតមកពីប្រទេសផ្សេងៗ សំដៅពង្រីកនូវចំណេះដឹងជុំវិញពិភពលោក ជាពិសេសជំនាញនៃការអនុវត្តការងារចាំបាច់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
«ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្មួយៗនឹងខិតខំប្រើប្រាស់ចំណេះដឹង ចំណេះធ្វើ និងជំនាញដែលទទួលបានពីការសិក្សា មកបំពេញការងារតាមជំនាញ និងស្ថាប័នរៀងៗខ្លួន ដើម្បីបុព្វហេតុជាតិ មាតុភូមិរបស់យើង។ ការចូលរួមរបស់ក្មួយៗ ពេលត្រលប់មកវិញ គឺជាស្នូលក្នុងការពន្លឿនការអភិវឌ្ឍតាមស្ថាប័ន ដែលជាស្ពានជំរុញការអភិវឌ្ឍប្រទេសជាតិយើងទាំងមូល» ឯកឧត្តម កឹម ស៊ីថន បានគូសបញ្ជាក់។
សូមជម្រាបថា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវែលហ្សេឡង់ គឺជាកម្មវិធីសិក្សាដែលមានកិត្យានុភាពកម្រិតអន្តរជាតិ ដែលត្រូវបានបង្កើតឡើងសម្រាប់អនាគតអ្នកដឹកនាំវ័យក្មេង នៅក្នុងប្រទេសអាស៊ាន។ ចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន មាននិស្សិតកម្ពុជាប្រមាណ ៧៥០នាក់ហើយ ដែលបានចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅតាមសកលវិទ្យាល័យនានាក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ នៅក្រោមកម្មវិធីអាហារូបករណ៍នេះ។