ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំបណ្តាញអ្នកជំនាញ​ទេស​ចរណ៍ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍លើកទីមួយ


កាលពីរសៀលថ្ងៃទី០៤ ខែមករា ​ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំបណ្តាញអ្នកជំនាញ​ទេស​ចរណ៍ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍លើកទីមួយ អមជាមួយពិធីប្រកាសផ្សព្វផ្សាយសៀវភៅតម្រង់ទិស​ការ​សិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ និងផ្សព្វផ្សាយជាផ្លូវការចលនាប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍​គំរូ​ប្រចាំ​ឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង​ទេស​ចរណ៍ និងជា​ប្រធាន​បណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ និងមានការចូលរួមពីសំណាក់អ្នក​ជំនាញ​ទេស​ចរណ៍ ព្រមទាំងលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ តំណាងគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាល​វិជ្ជាជីវៈទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ និងមន្ទីរទេសចរណ៍។
កិច្ចប្រជុំបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍លើកទី០១​ នេះ បានឯកភាព​បង្កើន​កិច្ច​សហ​ការ​ឱ្យកាន់ល្អរវាងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការរួមគិត រួមធ្វើទាំងអស់គ្នាដើម្បីសម្រេច​ឱ្យបាន​ការ​អភិវឌ្ឍ​ទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងការទទួលខុសត្រូវ សំដៅចូលរួមសម្រេចឲ្យបានគោលដៅ​អភិវឌ្ឍ​ប្រកបដោយនិរន្តរភាព ក្នុងឆ្នាំ ២០៣០ និងជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អ ជាពិសេស​ជំរុញការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញទេស​ចរណ៍ និងបដិសណ្ឋារកិច្ចឱ្យមានគុណភាព សមត្ថ​ភាព និងគុណវុឌ្ឍិ ឆ្លើយតបទៅនឹងស្តង់ដាជាតិ អាស៊ាន តំបន់ និងអន្តរជាតិ​ ពោលគឺ សម្រេចឱ្យបាននូវគោលដៅ​យុទ្ធសាស្រ្ត​ ដែល​បាន​ដាក់​ចេញរួមមានៈ
-ឆ្នាំ២០២០: បង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ០១​លាន​នាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្រ​បញ្ជាក់​សមត្ថភាពស្រប​តាម​ស្តង់ដាជាតិ និងអាស៊ានតាមរយៈ​ការបណ្តុះបណ្តាល និងការវាយតម្លៃសមត្ថភាព។
-ឆ្នាំ២០២៥: ​បង្កើត​ការងារ​ផ្ទាល់ឲ្យបាន​ប្រមាណ ១.២ លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ “បុគ្គ​លិកម្នាក់ ជំនាញ​​មួយ” ពោលគឺជំរុញឲ្យអ្នក​ជំនាញ​ទេសចរណ៍​ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្រប​តាមស្តង់ដា​ជាតិ និងអាស៊ាន។
-ឆ្នាំ២០៣០: សម្រេចឲ្យបានគោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព SDG4: “ធានាឲ្យបាននូវការអប់រំ​បណ្តុះបណ្តាលប្រកប​ដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញ​មួយ​ជីវិតដល់ជនគ្រប់រូប” និង SDG8: “ជំរុញកំណើនសេដ្ឋកិច្ច និង​ការ​ងារ​​សមរម្យដល់ជនគ្រប់រូប” ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្សទាំងក្នុងបរិបទជាតិ និង​តំបន់។
អង្គប្រជុំបានទទួលបានចំណេះដឹងអំពីសភាពការណ៍ថ្មីៗ នៃការអភិវ៊ឌ្ឍ​វិស័យទេសចរណ៍ផ្អែកលើ​ទស្សនៈ​ទាន ភាពស្អាត និងបៃតង ជាពិសេសសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (Information and Communication Technology-ICT) នៅ​ក្នុងវិស័យទេសចរណ៍ សំដៅធានាឱ្យមានការអភិវឌ្ឍវិស័យ​ទេសចរណ៍​ប្រកបដោយនិរន្តរភាព ​ និងទទួលស្គាល់​ពី​តួនាទីរបស់បណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍​នៅ​ក្នុង​ការចូលរួមចែករំលែកចំណេះ​​ដឹង និងបទពិសោធន៍ និងការចូលរួមក្នុងដំណើរការអនុវត្ត​សកម្មភាព​បណ្តុះ​បណ្តា​ល និងអភិវឌ្ឍធនធានមនុស្ស​ក្នុងវិស័យ​ទេសចរណ៍ឱ្យប្រកបដោយគុណភាព ប្រសិទ្ធភាព និងជំនាញវិជ្ជាជីវៈ​ខ្ពស់ស្រប​តាម​ស្តង់ដាជាតិ អាស៊ាន តំបន់ និង​អន្តរជាតិ ដែលនឹងចូលរួមធានាដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន។
អង្គប្រជុំបានឯកភាពលើការរៀបចំឱ្យមានការជូបជុំបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស៍យ​ទេស​ចរណ៍​រៀងរាល់ ០៣ ខែម្តង សម្រាប់កិច្ចប្រជុំបចេ្ចកទេស និង០៦ ខែម្តងសម្រាប់កិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំ ដើម្បី​ពិភាក្សាការងារទាក់ទងទៅនឹងបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ និងបានគាំទ្រលើការរៀបចំ​វេទិកាជាតិទេសចរណ៍ប្រចាំឆ្នាំ ដែលតាមរយៈវេទិកាជាតិនេះ វានឹង​ក្លាយ​ ​ជាទីណាត់ជួបមួយសម្រាប់ចែករំលែក និងចងបណ្តាញរវាងសិស្ស និស្សិត សាស្រា្តចារ្យ អ្នកស្រាវជ្រាវក្នុង​វិស័យ​ទេស​ចរណ៍ គ្រឺះស្ថានអប់រំ និងបណ្តុះ​បណ្តាល​ជំនាញទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ប្រតិ​បត្តិករ​ទេសចរណ៍ទាំងអស់ ក៍ដូចជា​ពិភាក្សា​រកឱ្យឃើញបញ្ហា និងដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលរាំង​ស្ទះ​ដល់​ដំណើរការនៃការអភិវឌ្ឍ​ធនធានមនុស្សក្នុងវិស័យទេសចរណ៍និយយាយដោយឡែក និងការអភិវឌ្ឍវិស័យទេស​ចរណ៍​កម្ពុជានិយាយជារួម។ អង្គប្រជុំបានប្រកាសសមាជិកបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យ ក្នុងវិស័យទេសចរណ៍ ចំនួន ៦៨ នាក់ និងបាន ឯកភាពដាក់បញ្ចូលសមាជិកបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យ​ទេសចរណ៍ចំនួន ១៨ នាក់​បន្ថែម ផងដែរ។