ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារចូលរួមដង្ហែក្បួនព្យុហយាត្រារបស់ខេត្តបាត់ដំបង នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ


ព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត លោក ឆាយ ម៉ាទីណាល នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង ទទួលបន្ទុកដឹកនាំក្រុមការងារដើរដង្ហែក្បួនព្យុហយាត្រា នៃផែនរបស់ខេត្តបាត់ដំបង ក្នុងឱកាសដែលក្រុមការងារ បាននឹងកំពុងតែធ្វើការសមហ្វឹកហាត់ផ្តាច់ព្រ័ត្រដើរក្បួនព្យុហយាត្រា ដើម្បីត្រៀមចូលរួម អបអរសាទរខួបទី៤០ នៃទិវាជ័យជម្នះ ៧ មករា ដែលនឹងត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

ពិធីជួបសំណេះសំណាលនេះ គឺស្របពេលដែលជាថ្ងៃសមហ្វឹកហាត់ផ្តាច់ព្រ័ត្ររបស់ផែនក្បួននៃព្យុហយាត្រារបស់បណ្តាខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជាដើម្បីបង្ហាញពីការរស់ឡើងវិញ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ និងកិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ នៅតាមបណ្តាខេត្តនីមួយៗរបស់ខ្លួន នាអំឡុងពេល ៤០ឆ្នាំកន្លងមកនេះ។

ដោយឡែក សម្រាប់ក្បួនដង្ហែព្យុហយាត្រា និងក្បួនរថយន្តដែលបានរំលេចពីសមិទ្ធផលរីកចម្រើន និងពីវឌ្ឍនភាពលើគ្រប់វិស័យក្នុងខេត្តបាត់ដំបង ចាប់តាំងពិក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកទល់បច្ចុប្បន្ននេះ ខេត្តបាត់ដំបងបានប្រែក្លាយជាខេត្តមួយប្រកបដោយសក្តានុពលសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ ទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ជាពិសេស ប្រកបដោយសក្តានុពលលើវិស័យដំណាំកសិ-ឧស្សាហកម្ម លើដំណាំស្រូវ ផលិតអង្ករ សម្រាប់ការនាំចេញ និងដំណាំពោត ដំឡូងមី។ល។