លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីកិត្តិយស ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៅកម្ពុជា សមាគមសហគ្រិនចិន ជាំងស៊ូ


លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីកិត្តិយស ក្នុងពិធីសម្ពោធជាផ្លូវការសមាគមសហគ្រិនចិន ជាំងស៊ូ នៅកម្ពុជា នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ​ កាលពីរាត្រីថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមករា​ ឆ្នាំ២០១៩ ។

កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខភាពសន្ដិភាព ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា ក្នុងនោះ ក៏បានបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទុនគ្រប់ប្រភេទដែលមានបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា។ តាមរយៈសមាគមនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ទាក់ទាញអ្នកវិនិយោគពាណិជ្ជករ អាជីវករ និងអ្នកទេសចរណ៍ មកពីខេត្តជាំងស៊ូ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច កម្ពុជា ក៏ដូចជារួមចំណែកពង្រឹងពង្រីកមិត្ដភាព កម្ពុជា-ចិន ឲ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត៕