នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំសិក្ខាសាលាពិនិត្យលើគម្រោងស្តីពី “ការរៀបចំបង្កើតក្របខណ្ឌការងារសម្រាប់អនុវត្តពិធីសារណាហ្គូយ៉ាស្ដីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ (ABS) នៅរាជធានីភ្នំពេញ។
ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ ក.ជ.អ.ច. បានលើកឡើងពីភាពសម្បូរបែបនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះកម្ពុជា ជាទីជម្រកដ៏សំខាន់នៃប្រភេទសត្វ និងរុក្ខជាតិចំនួន៦១៤៩ ប្រភេទ។ ធនធានទាំងនោះបានផ្ដល់នូវតម្លៃដ៏ធំធេងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ការលំហែកំសាន្ត និងជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ឯកឧត្ដម ទិន ពន្លក បន្ថែមថារាជរដ្ឋាភិបាលកម្ពុជាមានឆន្ទះខ្ពស់ ក្នុងការអភិរក្សជីវៈចម្រុះ ការប្រយុទ្ធប្រឆាំងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ដោយចីរភាព ដែលជាមុំដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ។ ការអនុវត្តកំណែទម្រង់ស៊ីជម្រៅលើវិស័យបរិស្ថាន បានពង្រីកផ្ទៃដីតំបន់ការពារធម្មជាតិចំនួន៧.៤ លានហិតតា ស្មើនឹង៤១% នៃផ្ទៃប្រទេស។
ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា គម្រោងថ្មីនេះនឹងជាផ្នែកសំខាន់សម្រាប់ជួយរាជរដ្ឋាភិបាលរៀបចំក្របខណ្ឌច្បាប់ គោលនយោបាយ ការកសាងសមត្ថភាព និងកសាងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃដើម្បីប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុដោយស្មើភាព និងសមធម៌។
សូមបញ្ជាក់ថា សិក្ខាសាលាពិនិត្យលើគម្រោងស្តីពី “ការរៀបចំបង្កើតក្របខណ្ឌការងារសម្រាប់អនុវត្តពិធីសារណាហ្គូយ៉ាស្ដីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ (ABS) នេះគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាន នៃក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន ប្រជាសហគមន៍និងអង្គការពាក់ព័ន្ធចូលរួមជាច្រើននាក់ ក្នុងគោលបំណងដើម្បីបង្ហាញ ពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងឯកសារគម្រោងសម្រាប់រៀបចំឯកសារគម្រោងស្នើសុំពេញលេញ (PPG) ស្តីពីABS។
សូមជម្រាបផងដែរថា ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៃពិធីសារណាហ្គូយ៉ា ស្តីពី ABSនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះក្នុងឆ្នាំ២០១៥ ដែលពីធីសារនេះមានគោលបំណងបែងចែកដោយស្មើភាព និងសមធម៌នូវផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ រួមទាំងការទទួលធនធានពន្ធុ និងការផ្ទេរបច្ចេកវិទ្យាពាក់ព័ន្ធឱ្យបានសមស្រប ដោយយកចិត្តទុកដាក់លើសិទ្ធិទាំងអស់នៃធនធាន និងបច្ចេកវិទ្យាទាំងនោះ និងការផ្តល់ហិរញ្ញប្បទានសមស្របដែលជាហេតុនាំដល់ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់សមាសភាគរបស់វាដោយនិរន្តរភាព៕