ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី​ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះ ពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA)


នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី​ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះ ពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោង
អាជីវកម្មដីឥដ្ឋ លើទំហំ ៦៧,១២ហិកតា មានទីតាំងភូមិសាស្រ្ត ស្ថិតនៅក្នុងភូមិព្រៃធំ និងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត របស់ក្រុមហ៊ុន កំពត ស៊ីមេន ខូ អិល ធី ឌី (ម្ចាស់គម្រោង) ដែលសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃ ដោយក្រុមហ៊ុនទីប្រឹក្សា PPIC CO., LTD.។
កិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការសរុបលទ្ធផលដែលទាក់ទងនឹងបញ្ហាសំខាន់ៗមួយចំនួនដូចជា៖
១. គាំទ្រគម្រោងអាជីវកម្មដីឥដ្ឋនេះ ដើម្បីជាវត្ថុធាតុដើមបម្រើឱ្យការផលិតស៊ីម៉ងត៍
២. គាំទ្រអនុសាសន៍ដែលលើកឡើងដោយមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធ ដើម្បីឱ្យរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះកាន់តែមានគុណភាព
៣. ក្រុមហ៊ុនត្រូវពិចារណាធ្វើផ្លូវបេតុងកាត់ភូមិដែលមានចម្ងាយប្រមាណជាង ២គ.ម ដើម្បីឱ្យសហគមន៍មូលដ្ឋានពេញចិត្តនឹងគម្រោង
៤. ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវគ្រប់ប្រភេទ ដើម្បីកាត់បន្ថយការបំពុលគុណភាពទឹកលើដី-ក្រោមដី
៥. ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាពកម្មករ ដោយត្រូវមានកន្លែងសង្គ្រោះបឋម និងបណ្ណ ប.ស.ស
៦. ក្រុមហ៊ុនណែនាំឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវ៖ មានបណ្ណបើកបរ ដឹកមិនលើសទម្ងន់ គ្របតង់ និងបោសសម្អាតអាចម៍ដីដែលជ្រុះធ្លាក់លើផ្លូវថ្នល់ជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងការពារគ្រោះថ្នាក់នានា
៧. ក្រុមហ៊ុនត្រូវមានផែនការដាំដើមឈើជាបណ្តើរៗនូវប្រភេទដើមឈើក្រញូង បេង ធ្នង់ ជាដើម នៅតាមព្រំប្រទល់ និងសងខាងផ្លូវចេញចូលទីតាំងគម្រោង ដោយសហការជាមួយមន្ទីរ​បរិស្ថានខេត្តកំពត
៨. អង្គប្រជុំគាំទ្រឱ្យប្រែក្លាយរណ្តៅរ៉ែ ទៅជាអាងស្តុកទឹកសម្រាប់សហគមន៍មូលដ្ឋានប្រើប្រាស់ជាប្រភពទឹកស្រោចស្រព​ស្រែរបស់ប្រជាជន ហើយរដ្ឋបាលខេត្តកំពតអាចសិក្សាធ្វើជាតំបន់ទេសចរណ៍ផងដែរ ដោយក្រុមហ៊ុនត្រូវបើកចិត្តឱ្យទូលាយក្នុងការផ្តល់ទីតាំងជាទ្រព្យសម្បត្តិរដ្ឋបន្សល់ទុកក្រោយពីធ្វើអាជីវកម្មរួចរាល់ ដើម្បីឱ្យសហគមន៍មូលដ្ឋានសប្បាយចិត្ត
៩. ក្នុងពេល និងក្រោយធ្វើអាជីវកម្ម ក្រុមហ៊ុនត្រូវដាក់ស្លាកសញ្ញាគ្រោះថ្នាក់នានាបង្ហាញសាធារណជន ហើយបើអាចធ្វើរបងបានគឺជាការល្អ ដើម្បីការពារហានិភ័យនានា
១០. ក្រុមហ៊ុនមិនត្រូវបំផុសឱ្យប្រជាជនលក់ដីក្នុងតម្លៃថោក តាម​រយៈការធ្វើឱ្យប្រជាជនធុញទ្រាន់ ឬសកម្មភាពផ្សេងៗទៀត
១១. ក្រុមហ៊ុនត្រូវអនុវត្តឱ្យបានតាមរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមនេះ ចៀសវាងមានបញ្ហានានានៅក្នុងដំណើរការធ្វើអាជីវកម្មដីឥដ្ឋ
១២. ក្រុមហ៊ុនត្រូវកែសម្រួលទៅតាមមតិយោបល់របស់មតិអង្គប្រជុំដែលបានលើកឡើង។
គួសបញ្ជាក់ថា៖កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង អគ្គនាយក​ដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន តំណាងមកពីក្រសួងរ៉ែនិងថាម ពល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយ​កម្មនិងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួង ធនធានទឹកនិងឧតុនិយម ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកំពត មន្ទីរ បរិស្ថានខេត្តកំពត នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃ ក្រសួងបរិស្ថាន តំណាងអង្គការ DPA តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។