សម្ដេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២


នៅរសៀលថ្ងៃពុធ ៣កើត ខែបុស្ស ត្រូវនិងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២។

កិច្ចប្រជុំទី១ គឺកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្ដាខេត្តជាប់ព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលកាលពីឆ្នាំកន្លងទៅ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយនៅឆ្នាំនេះភាគីវៀតណាមបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវិញម្ដង។

កិច្ចប្រជុំទី២វិញ គឺកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងដើម្បីចុះហត្ថលេខាលើផែនការបន្តកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ វាងអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ដែលភាគីទាំង២ ក៏តែងតែផ្លាស់ប្ដូរគ្នាទទួលធ្វើជាម្ចាស់ផ្ទះដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ។

ដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង រួមនិងប្រតិភូលើកនេះ ក៏ជាការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលជាតិវៀតណាម ពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។