សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសំណេះសំណាលជាមួយអ្នកព័ត៌មានជិត ៥ពាន់នាក់


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ នឹងផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នកព័ត៌មាននៅមជ្ឈមណ្ឌលកោះពេជ្រ។

ជំនួបនៅល្ងាចថ្ងៃនេះ គឺជាលើកទី៣ហើយ ខណៈជំនួបលើកដំបូងត្រូវបានធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៧។ លោក ផុស សុវណ្ណ​ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន​ បានឲ្យដឹងថា អ្នកចូលរួមក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីលើកទី៣នេះ មានប្រមាណ ៤,៥០០នាក់នេះ។

បើតាមលោក ផុស សុវណ្ណ អ្នកចូលរួមក្នុងពិធីជួបជុំល្ងាចនេះ មានថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មានសរុបចំនួន ១,០១៤នាក់, ស្ថានីយវិទ្យុ និងទូរទស្សន៍សរុបចំនួន ៩៥៥នាក់, សារព័ត៌មានបោះពុម្ពផ្សាយសរុបចំនួន ៩៧៩នាក់, ក្រុមការងារ Facebook សរុបចំនួន ៩៦នាក់ គេហទំព័រ និង TV Online សរុបចំនួន ៦៤៤នាក់, អ្នកនាំពាក្យក្រសួង-ស្ថាប័ន សរុបចំនួន ១៣៤នាក់, អ្នកនាំពាក្យរាជធានី-ខេត្ត និងមន្ទីរព័ត៌មានរាជធានី-ខេត្ត សរុបចំនួន ២៨៤នាក់, ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៤៧នាក់, ក្រុមការងារសន្តិសុខសរុបចំនួន ១៥០នាក់ និងឧកញ៉ា-អគ្គនាយក ព្រមទាំងសហការី និងម្ចាស់ក្រុមហ៊ុនឯកជនសរុបចំនួន ២៧៦នាក់។

លោក​ ផុស សុវណ្ណ បានបញ្ជាក់ថា ជំនួបអ្នកសារព័ត៌មានក្នុងស្រុកជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីលើកទី៣នេះ អ្នកចូលរួមមានការកើនឡើងជាងជំនួបកន្លងទៅ ដោយសារតែជំនួបលើកនេះ មានការអញ្ជើញចូលរួមពីអភិបាលរាជធានី-ខេត្ត រួមទាំងរដ្ឋមន្រ្ដីតាមក្រសួងមួយចំនួនផងដែរ។

ការណ៍ដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយក្រុមអ្នកព័ត៌មាននេះ គឺជារឿងកម្រមួយមិនដែលមានមេដឹកនាំណាធ្លាប់បានធ្វើនោះឡើយ។ ជំនួបបែបនេះ ជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់មួយរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅលើការផ្សព្វផ្សាយ ដែលជាលំហរដ៏ធំមួយក្នុងការចែកចាយដំណឹង និងព័ត៌មានទៅកាន់ប្រជាពលរដ្ឋ​ ក៏ដូចជាទៅកាន់ឆាកអន្តរជាតិ។

កាលពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកព័ត៌មាន គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកព័ត៌មានឲ្យជួយផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ដើម្បីទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគបរទេសមកកាន់កម្ពុជា។

ក្នុងនាមក្រសួងព័ត៌មានដែលជាអាណាព្យាបាលលើស្ថាប័នព័ត៌មាននៅកម្ពុជា លោក ផុស សុវណ្ណ បានមើលឃើញថា ជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកព័ត៌មាន ជាការបើកចំហរនូវលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដោយមិនប្រកាន់និន្នាការអ្វីនោះឡើយ។

ក្រោមមានជំនួបរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកព័ត៌មាន លោក ផុស សុវណ្ណ បានមើលឃើញថា វិស័យព័ត៌មានកាន់តែរីកចម្រើន និងប្រសើរឡើង ដោយសារតែអ្នកព័ត៌មានទទួលបានការណែនាំ និងកែលម្អមួយចំនួនពីប្រមុខដឹកនាំកំពូលរបស់ប្រទេសផ្ទាល់តែម្ដង។

អ្នកព័ត៌មាន បានបង្ហាញអារម្មណ៍រីករាយចំពោះការបានជួបដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ព្រោះជាឱកាសទទួលនូវដំបូន្មានមួយចំនួនលើការផ្សព្វផ្សាយពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានោះ ក៏មានអ្នកព័ត៌មានមួយចំនួនយកឱកាសនេះលើកជាសំណើទៅកាន់នាយករដ្ឋមន្ត្រី ចង់ឲ្យមានកិច្ចសហការកាន់ល្អប្រសើរថែមទៀត ពីតាមក្រសួង ស្ថាប័នរបស់រដ្ឋ ដើម្បីបង្កភាពងាយស្រួលដល់ការយកព័ត៌មានទៅផ្សព្វផ្សាយ៕