ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រារព្ធអង្គមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា នៅខេត្តកំពត


(កំពត)៖ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ រដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រារព្ធពិធី អង្គមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) ដែលរៀបចំនៅសាលប្រជុំសាលាខេត្តកំពតចាស់។

ពិធីនេះក៏មានវត្តមាន ការចូលរួមពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត​ និងជាប្រធានគណបក្សខេត្ត, សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ព្រមទាំងមន្ត្រីសង្ឃ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ យុវជនគណបក្ស យុវជនកាកបាទក្រហម កាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង២២០០នាក់ផងដែរ។

នៅក្នុងអង្គពិធីនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអាននូវសន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបទី៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) នារាជធានីភ្នំពេញកាលពី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩។

តាមរយៈសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់រំឭកថា ជ័យជម្នះ៧ មករា គឺជាថ្ងៃប្រវត្តិសាស្ត្រ បានសង្គ្រោះទាន់ពេលវេលានូវអាយុជីវិតប្រជាជនកម្ពុជា រាប់លាននាក់ ដែលរស់នៅចាំតែថ្ងៃស្លាប់ បានធ្វើឲ្យរាល់តម្លៃ ទាំងស្មារតី និងសម្ភាររបស់ប្រជាជនខ្មែរ ដែលត្រូវបានកសាងពូនជ្រុំ ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួន ហើយបានស្រកស្រុតស្ទើតែរលាយ សាបសូន្យ បាត់អស់នៅក្នុងរបប ប្រល័យពូជសាសន៍ «ប៉ុល ពត» គ្រានោះ បានរស់ឡើងមកវិញ បានបិទបាំងទំព័រដ៏ខ្មៅងងឹតបំផុត នៃប្រវត្តិសាស្ត្រកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺ សករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជូនដល់ប្រជាជាតិដ៏កំសត់នៃយើង បានផ្ដល់ជូនប្រជាជនកម្ពុជានូវសិទ្ធសេរីភាពគ្រប់យ៉ាង ក្នុងការធ្វើជាម្ចាស់លើជោគវាសនា របស់ខ្លួនពិតប្រាកដ។

៧ មករា ១៩៧៩ ក៏បានរួមវិភាគទានដ៏សកម្ម ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ ដែលប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ខ្លួនបើគ្មានជ័យជ័យជម្នះ ៧ មករា ក៏គ្មានអ្វីៗ នៅថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ។

នៅក្នុងសន្ទរកថាសម្ដេចតេជោ ក៏បានសង្កត់ធ្ងន់ជូននូវខ្លឹមសារ សារសំខាន់ៗជាច្រើនទៀត គឺដើម្បីបញ្ជ្រាបដល់មហាជន ប្រជាជន ពិសេសក្នុងស្រទាប់យុវជន អំពីអត្ថន័យ និងខ្លឹមសារជាប្រវត្តិសាស្ត្រ នៃថ្ងៃជ័យជម្នះ ៧ មករា អំពីគុណូបការៈដ៏ឧត្តុង្គឧត្តម របស់ថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន អំពីសមិទ្ធផលធំៗដែលកម្ពុជា សម្រេចបានក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ និងការប្តេជ្ញាចិត្តរបស់យើងលើមូលដ្ឋានជ័យជម្នះ ៧ មករា និងនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ គឺយើងត្រូវការពាររាល់អ្វីៗទាំងអស់ ដែលយើងកំពុងឈានទៅមុខយ៉ាង ស្វាហាប់នាពេលនេះ៕