ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ។
បណ្ដាញទំនាក់ទំងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦បានឱ្យដឹងថា នៅមុន កិច្ចសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានរម្លឹកពីអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត នៃកិច្ចចរចារមួយ ចំនួន រវាងអតីតព្រះមហាវីរក្សត្រនៃកម្ពុជា គឺសម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា។ ថ្ងៃនេះគឺជាខួបទី ២៥ នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៦) ដែលយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានល្អ ដើម្បីប្រទេស ជាតិយើងកាន់តែរីកចម្រើន។
ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោ បានក្រើនរម្លឹកដល់មន្រ្តីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅក្នុងរាជធានីភ្នំពេញ ជាពិសេសត្រូវ គ្រប់គ្រងនិងទប់ស្កាត់ឱ្យបាននូវអំពើ ភេរវកម្ម អំពើឃាតកម្ម ឆក់ប្លន់ ចោរកម្ម និងថ្នាំញៀន ដែលជាបញ្ហាធំកុំឱ្យយុវជនយើងរងគ្រោះ។
អាជ្ញាធរត្រូវធ្វើការឱ្យស្របគ្នាក្នុងការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខិតខំផ្តល់នូវសេវា សាធារណៈ ដែលមានសេវា សំណូមពរ និង សេវាតម្រូវការចាំបាច់មួយចំនួនដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានល្អ ឆាប់ និងមានប្រសិទ្ធភាព មិនយកម្រៃសរវាលើសពីតម្លៃដែលច្បាប់បានកំណត់។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលគឺនៅផ្សារទំនើប AEON1 មានផ្តល់ជូនលិខិតស្នាមរថយន្ត និងប័ណ្ណបើកបរឆាប់រហ័ស ហើយនៅផ្សាទំនើប AEON 2 ក៏នឹងមានកន្លែងធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋផងដែរ ក្រោយពីបានសាងសង់រួចជាស្ថាពរហើយនោះ។
សព្វថ្ងៃនេះ បច្ចេកវិទ្យាក៏បាន ជួយសម្រួលដល់សេវាសាធារណៈបានមួយកម្រិតធំដែរដូចជាការបង់ពន្ឋរថយន្ត និងធ្វើស្លាកលេខ Online, ទិដ្ឋាការ, ការបើកប្រាក់បៀវត្សនរ៍ និងបង់ពន្ឋតាមកាត ATM និងសេវាផ្សេងៗ ជាច្រើនទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានជំរុញឱ្យមន្រ្តីរាជការត្រូវតែខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា និងត្រូវ មានឥរិយាបទសមរម្យខណៈដែលបំពេញការងារ។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ធទាំង អស់ត្រូវចូលរួមសហការក្នុងការប្រមូលពន្ធ។ មន្ត្រីរដ្ឋាភិបាលទាំងអស់ត្រូវទៅបង់ពន្ធធ្វើជាគំរូ។ រាជរដ្ឋាភិបាល ត្រូវ ការប្រមូលចំណូលដើម្បីពង្រឹងថវិកាជាតិ ដែលអាចផ្តល់លទ្ឋភាពឱ្យរដ្ឋាភិបាលអាចដំឡើងប្រាក់ខែជូន មន្រ្តីរាជការឱ្យកាន់តែមានជីវភាពធូរធារ។
សម្តេចតេជោក៏បានបញ្ជាក់ដល់មន្រ្តីរាជការ និងក្រសួងស្ថាប័នពាក់ព័ទាំងអស់ គឺត្រូវយកចិត្តទុកដាក់ដោះ ស្រាយបញ្ហាជម្លោះដីធ្លី ពិសេសដីដែលមន្ត្រី ឬប្រជាពលរដ្ឋកំពុងរស់នៅយូរហើយ ដែលស្ថិតនៅក្នុងសារពើ ព័ន្ធរដ្ឋ គឺត្រូវកាត់ចេញឱ្យពួកគាត់ឱ្យបានលឿន។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យកាន់តែរីកលូត លាស់លឿនទៅ មុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទៈល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕