ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកពាក្យគណៈបក្សប្រជាជនកម្ពុជា ដែលជាគណៈបក្សកាន់អំណាច បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ទទួលស្គាល់ភាពបរាជ័យរបស់ខ្លួនហើយ ខណៈដែលទណ្ឌិត សម រង្ស៊ី បានធ្លោយមាត់ថាខ្លួន ត្រូវបានចាញ់ល្បិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
ការបកស្រាយបែបនេះ របស់ ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញសាអេឡិចត្រូនិក តេឡេក្រាម នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះថា “ក្នុងការលោតចូលក្នុងឆាកនយោបាយ ជាងម្ភៃឆ្នាំកន្លងមកនេះ ទណ្ឌិត សម រង្ស៊ី បានទទួលបរាជ័យរហូត តែទណ្ឌិតរូបនេះ មិនដែលសារភាព ទទួលស្គាល់ការពិតឡើយ គឺនៅតែខ្លាំងនិងរឹងមាំរហូត ទោះបីអស់តួនាទីអស់សមាជិកភាពបក្សក៏ដោយ ហើយត្រូវនីរទេសខ្លួន ទៅរស់នៅកណ្តោចកណ្តែង ឯក្រៅប្រទេសក្តី” ។
អ្នកនាំពាក្យរូបនេះបន្តថា “ប៉ុន្តែទើបតែពេលនេះទេ ដែលទណ្ឌិតសម រង្ស៊ី ទទួលស្គាល់ការពិត នៃបរាជ័យរបស់ខ្លួន ដោយភ្លាត់មាត់ថា មកពីចាញ់ល្បិចសម្តេចតេជោហ៊ុន សែន ។ សួរថាកន្លងទៅទណ្ឌិតសម រង្ស៊ី ដែលប្រើល្បិចដែរប្ញទេ ? ទណ្ឌិតសម រង្ស៊ី ប្រើល្បិចរហូត តែល្បិតរបស់ទណ្ឌិតរូបនេះ ត្រូវសម្តេចតេជោ ហ៊ុន សែន វាយកម្ទេចបានជាដរាប” ។
ឯកឧត្តម សុខ ឥសានបន្ថែមថា “ជាធម្មតាក្នុងការប្រកួតប្រជែង ដៃគូប្រកួតតែងតែប្រើល្បិច និងក្បួនយុទ្ធសាស្ត្រ យុទ្ធវិធី ដើម្បីយកឈ្នះដៃគូ តែដៃគូណាមានប្រឡោះ
ប្រាកដជាត្រូវភាគីម្ខាងទៀត ស៊កចូលហើយ កុំបន្ទោសគេថា មានល្បិចឲ្យសោះ ត្រូវបន្ទោសខ្លួនឯងថា អន់ទើបត្រូវ” ។
អ្នកពាក្យដដែលនេះ បន្ថែមថា “ដូច្នេះ ពាក្យទណ្ឌិត សម រង្ស៊ី ថាចាញ់ល្បិច សម្តេចតេជោ ហ៊ុន សែន គឺជាការទទួលស្គាល់បរាជ័យរបស់ខ្លួន យ៉ាងច្បាស់ក្រឡែត តែគ្រាន់តែទណ្ឌិត សម រង្ស៊ី ជាមនុស្សកំសាក មិនហ៊ានទទួលយកលទ្ធផល នៃបរាជ័យរបស់ខ្លួនប៉ុណ្ណោះ បានជនៅតែថាខ្លាំង ដើម្បីបិទបាំងការបរាជ័យរបស់ខ្លួន”៕