សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន


នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន មានរយៈពេលចំនួន៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

ក្នុងកំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន លោក លីចាន់ស៊ូ (LiZhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សានយោបាយចិន និងជួបពិភាក្សាទ្វេភាគីជាមួយ និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិនផងដែរ។ ការជួបពិភាក្សានឹងផ្តោតទៅលើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

ក្រៅពីជំនួបខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាដោយ ឯកឧត្តមរដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិរបស់ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងលោកជំទាវ គូ សៀវលៀន ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងថ្នាក់ដឹកនាំធុរៈកិច្ចចំនួន៤រូបទៀតពី ធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុប។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ខួបអនុស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើកទូលាយ» ប្រទេសចិន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន ឆ្នាំ២០១៩ និងជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនផងដែរ៕