ពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ នៃការហោះហើរត្រង់ពីខេត្តសៀមរាបទៅក្រុងស៊ីសុងបាណា


ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក ឡ ហុងជាំង អភិបាលក្រុងស៊ីសងបាណា ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបសពិភាក្សានិងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ នៃការហោះហើរត្រង់ពីខេត្តសៀមរាបទៅក្រុងស៊ីសុងបាណា ។

លោក ឡ ហុងជាំង អភិបាលក្រុងស៊ីសងបាណា ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថាការឲ្យមានជើងហោះហើរដោយត្រង់ពីខេត្តសៀមរាប ទៅកាន់ទីក្រុងស៊ីសងប៉ាណា គឺជាការល្អបំផុតសម្រាប់ការជួយ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ។ ម៉្យាងទៀតក៏ជាការជម្រុញលើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរកាន់តែមានការរីក ចម្រើន ព្រមទាំងធ្វើឲ្យសេដ្ឋកិច្ចប្រជាជនទាំងពីរ កាន់តែមានភាពល្អប្រសើរទ្វេរឡើង ។ លោក ឡ ហុងជាំង បានឲ្យដឹងថា ក្រុង ស៊ីសងប៉ាណា ជាទីក្រុងមួយដែលធំជាងគេនៅប្រទេសចិន ផ្នែកអភិរក្សសត្វព្រៃ ហើយក្រៅពីនេះទីក្រុងស៊ីសងប៉ាណា ក៏ជាទីក្រុង ដ៏ធំផ្នែកកសិកម្ម ជាពិសេសលើដំណាំតែ និង ចេក ។

លោកបន្តទៀតថា ផលិតផលតែ និង ចេកនេះ បាននាំឲ្យក្រុងស៊ីសងប៉ាណា ទទួលបានអ្នកទេសចរប្រមាណ៤លាននាក់ក្នុងមួយឆ្នាំៗ ។ ក្រៅពីចង់ឲ្យមានជើងហោះហើរត្រង់រវាងក្រុងស៊ីសងប៉ាណា និង ខេត្ត សៀមរាប លោក ឡ ហុងជាំង ក៏មានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប លើផ្នែកកសិកម្ម និងការផ្លាស់ប្តូរ និស្សិតទៅសិក្សាទៅវិញទៅមកផងដែរ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ការលើកឡើងរបស់ប្រតិភូ សុំឲ្យមានជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ក៏ជាការជម្រុញឲ្យមានកំណើនអ្នកទេសចរណ៍ចូលមកទស្សនាប្រទេសកម្ពុជា សំខាន់ខេត្តសៀមរាប និង ក៏ជាការជួយជម្រុញឲ្យជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការរីកចម្រើនផងដែរ ។ ការឆ្លើយតបនោះដែរ ឯកឧត្តម ទៀ សីហា បានឯកភាពចំពោះការលើកឡើង របស់អភិបាលក្រុងស៊ីសុងបាណា ហើយឯកឧត្តមក៏បានសន្យានឹងខិតខំធ្វើយ៉ាងណា ជម្រុញកិច្ចការនេះឲ្យបានឆាប់រហ័ស ។

ក្នុងឱកាសនោះដែរភាគីទាំងពីរ ក៏បានធ្វើកិច្ចចុះហត្ថលេខា ទៅលើកំណត់ហេតុនៃកិច្ច ទំនាក់ទំនងសហប្រតិបត្តិការរវាង ក្រុងស៊ីសុងបាណា និង ខេត្ត សៀមរាប ដោយផ្តោតលើការលើកកម្ពស់ការផ្លាស់ប្តូរនិសិ្សត និង យល់ព្រមលើការរៀបចំឲ្យមានការហោះហើរត្រង់ពីក្រុងស៊ីសងប៉ាណា សៀមរាប ព្រមទាំងធ្វើការផ្សព្វផ្សាយ ពីសក្តានុពលទេសចរ ស៊ីសងប៉ាណា សៀមរាប ដោយរៀងរាល់ឆ្នាំនៅក្នុងក្រុងស៊ីសងប៉ាណា និង ខេត្តសៀមរាប រៀបចំកម្មវិធី ( សប្តាហ៍ សៀមរាប ឬ សប្តាហ៍ស៊ីសងប៉ាណា ) ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍ខេត្តសៀមរាប និង ក្រុងស៊ីសងប៉ាណា ។ ក្នុងនោះដែរក៏ជាការ ជម្រុញដល់រដ្ឋបាលខេត្តសៀមរាប និង ក្រុងស៊ីសងប៉ាណា ដើមី្បបន្តសហការរួមគ្នា ដោយស្មើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នា រវាងខេត្ត ក្រុង សម្ព័ន្ធមេត្រីភាពនៃប្រទេសទាំងពីរ សំដៅបង្កើន កិច្ចសហប្រតិបត្តិការនឹងគ្នាលើគ្រប់វិស័យទៀតផង៕