អាងហែលទឹក ទទឹង២២ម៉ែត្រ បណ្តោយ២៥ម៉ែត្រ ឋិតក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ខេត្តកណ្តាល គ្រោងចំណាយថវិកាអស់សរុបប្រមាណ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ គ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល៦ខែ


ថ្ងៃសៅរិ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាងហែលទឹក ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋមកពី១១ឃុំ និង សិស្សានុសិស្សប្រមាណ ២០០០ នាក់។

អាងហែលទឹកនេះ មានទទឹង២២ម៉ែត្រ បណ្តោយ២៥ម៉ែត្រ ឋិតនៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល គ្រោងចំណាយថវិកាអស់សរុបប្រមាណ៣០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក សម្រាប់សិស្សានុសិស្ស ក៏ដូចជាកីឡាករហែលទឹកអាចហ្វឹកហាត់កីឡាដើម្បីសុខភាព និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ឧកញ៉ា ប៉ាង ណាំ ប្រធានក្រុមហ៊ុនកាំត្រង់ស៊ីប ដែលបានជួយឧបត្ថម្ភគាំទ្រផ្នែកថវិកាឱ្យការសាងសង់អាងហែលទឹកនេះសម្រេចជារូបរាងឡើងនៅ ពេលនេះ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងនាំអ្នកកោះធំជិះរថភ្លើងទៅលេង ខេត្តកំពង់ឆ្នាំង ដើម្បី ស្វែងយល់ពីការរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គម្រោង ស្តារផ្លូវជាតិលេខ៧ពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែង និងគម្រោងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោករបស់ឯកឧត្តមទេសរដ្ឋមន្ត្រីដើម្បីទាក់ទាញវិនិយោគិនបង្កើតការងារជូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងស្តារផ្លូវជាតិលេខ០២ ពី២គន្លង ទៅបួនគន្លង ដើម្បីកាត់ បន្ថយការកកស្ទះចរាចរណ៍ គម្រោងសិក្សាផ្លូវពីស្ពានកោះធំទៅឃុំលើកដែកតភ្ជាប់ទៅអ្នកលឿង ដើម្បី កាត់បន្ថយរយៈពេលធ្វើដំណើរ គម្រោងបើកការដ្ឋានផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុង ព្រះសីហនុនៅ ក្នុងខែមីនា ឆ្នាំ២០១៩ គម្រោងសាងសង់ផ្លូវពីបាត់ដំបង(ស្រុកសំឡូត)ទៅខេត្តកោះកុងដើម្បីដឹកជញ្ជូន កសិផល និងគម្រោងបើកការដ្ឋានកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុដើម្បីអាចឱ្យ នាវាខ្នាតធំអាចចូល ចតបាន។