ស្រែប្រាំងនៅឃុំល្វា ស្រុកពួក ដែលរងផលប៉ះពាល់ ៤៨៨ ហិកតា ត្រូវបានបូមទឹកសង្គ្រោះបាន៧០ភាគរយ ហើយនឹងបន្តសង្គ្រោះបាន ទាំងស្រុង


កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការបូមទឹកសង្រ្គោះស្រែប្រាំងនៅឃុំល្វា ស្រុកពួក ដែលទទួលរងការប៉ះពាល់ដោយសារខ្វះទឹកកន្លងមក។ ជាលទ្ធផល សង្កេតឃើញថា មានទឹកគ្រប់គ្រាន់ សម្រាប់បូមដាក់ស្រែដោយមានកិច្ចសហការគ្នារវាងរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរកសិកម្ម មន្ទីរធនធានទឹក អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានប្រមាណ ៧០%នៃផ្ទៃដីប៉ះពាល់ ៤៨៨ ហិកតា ភាគច្រើនស្រូវស្ថិតនៅក្នុងដំណាក់កាលហាលផ្កា និងដាក់ ម្សៅ។ តាមការសន្និដ្ឋានទឹកដែលមានក្នុងស្ទឹងព្រះស្រុកអាចបូមបានគ្រប់គ្រាន់ សម្រាប់ស្រូវដែលទទួលរងការប៉ះពាល់ទាំងនោះ។

អនុវត្តតាមសារាចរណែនាំរបស់រដ្ឋបាលខេត្ត និងការចង្អុលបង្ហាញពី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំចំពោះបញ្ហាការស្តុកទឹក ទុកសម្រាប់ប្រើប្រាស់ និងស្រោចស្រព ព្រោះរដូវប្រាំងឆ្នាំនេះ មានអាកាសធាតុក្តៅហួតហែង។