ខេត្តសៀមរាប ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ –យុវជននៃបណ្តាប្រទេសជាសមាជិកអាស៊ាននិងរុស្ស៊ី បានជួបប្រជុំគ្នាជាលើកទី៤ដើម្បីពង្រឹងទំនាក់ទំនងគ្នាឱ្យកាន់តែប្រសើរឡើង និងក៏ដើម្បីរំលឹកខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយ ប្រទេសរុស្ស៊ី ដែលកិច្ចប្រជុំបានប្រារព្ធកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៦ នៅក្នុងសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងថា កន្លងមកយុវជនអាស៊ាននិងរុស្ស៊ីតែងតែបានជួបប្រជុំគ្នាជាបន្តបន្ទាប់ដោយផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ការជួបប្រជុំគ្នានេះគឺក្នុងគោលបំណងសិក្សាឈ្វេងយល់និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យ អប់រំ និងវប្បធម៌ទំនៀមទម្លាប់។
ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងទៀតថា សម្រាប់ការជួបគ្នាលើទី៤នេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយបាន ជ្រើសរើសទីតំាងនៅខេត្តសៀមរាប ដើម្បីឱ្យយុវជនអាស៊ានក៏ដូចជាយុវជនរុស្ស៊ីបានស្គាល់ច្បាស់អំពីវប្បធម៌ ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ដ៏សំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាពីព្រោះខេត្តសៀមរាបជាជង្រុកនៃ វប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបស់កម្ពុជា។
លោក Alexander IVANOV ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចំានៅកម្ពុជា ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរបាន មានប្រសាសន៍ឱ្យដឹងថា យុវជនរុស្ស៊ីជំនាន់ក្រោយនេះ គឺជាស្ពានថ្មីមួយចូលមកកាន់អាស៊ាន ពួកគេមិនត្រឹមតែ បានយល់ដឹងអំពីប្រពៃណី វប្បធម៌នៃបណ្តាប្រទេសរបស់អាស៊ាននោះទេ តែពួកគេត្រូវបានបន្តទំនាក់ទំនង មកកាន់អាស៊ាន កាន់តែប្រសើរ រីកចម្រើន លើការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅថ្ងៃអនាគត ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើ បទបង្ហាញឱ្យដឹងនាឱកាសនោះដែរថា ការជួបប្រជុំគ្នារបស់យុវជននេះ គឺជាការតភ្ជាប់ទំនាក់ទំនងរវាងយុវវ័យ អាស៊ាននិងរុស្ស៊ី ហើយក៏ជាការពិភាក្សាផ្លាស់ប្តូរយោបល់នាំមកនូវបទពិសោធន៍ល្អៗ បង្កប់នូវសារៈសំខាន់ លើកកម្ពស់ចំណងទំនាក់ទំនងអាស៊ាន-រុស្ស៊ី ឱ្យបានដល់កម្រឹតជាយុទ្ធសាស្រ្ត ។