ប្រតិភូសាលារាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានកងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣


នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហានកងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣។

អង្គភាពខាងលើ គឺជាសម្ពន្ធ័ភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ហើយតែងបានទទួលការ ជួយឧបត្ថម្ភជាបន្តបន្ទាប់ តាមរយៈប្រតិភូសាលារាជធានីភ្នំពេញ ដោយបានមកសួរសុខទុក្ខ កងទព័ជួរមុខរបស់យើងជាប់ជាប្រចាំ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងពីស្ថានភាពតាមបណ្តោយព្រំដែន មានសភាពស្ងប់ស្ងាត់ ពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់ សំគាល់នោះទេ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើពាណិជ្ជកម្ម នៃប្រជាជនប្រទេសក្បែរខាងគ្នា។

លោកឧត្តមសេនីយ៍បន្តថា «ទោះបីយ៉ាងណា យើងក៏មិនបានភ្លេចនូវស្មារតីការពារអធិបតេយ្យបូរណភាពទឹកដី មិនឲ្យខ្មាំងសត្រូវចូលឈ្លានពានបានឡើយ និងខិតខំជំរុញការលើកកំពស់ជីវភាពកងទ័ព ក៏ដូចគ្រួសារកងទ័ពឲ្យបានប្រសើរឡើង»។

នាឱកាសនោះ លោក ម៉ប់ សារិន បានជំរាបជូនពីសភាពការវិវត្តន៍ថ្មីៗ របស់ប្រទេសជាតិដោយលោកបានផ្តោតទៅលើការថ្លែងយ៉ាងម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់អំពីការមិនដោះដូរអធិបតេយ្យភាពជាតិ ឯករាជ្យ និងសន្តិភាព ជាមួយជំនួយបរទេស ហើយកម្ពុជាត្រូវមានសិទ្ធិអនុវត្តច្បាប់របស់កម្ពុជា ព្រោះថា កន្លងមកមាន ក្រុមក្បត់ជាតិមួយចំនួន បានព្យាយាមជំរុញឲ្យកម្ពុជា ធ្វើការដោះដូរសន្តិភាព អធិបតេយ្យភាពជាមួយជំនួយបរទេស ដែលជាទង្វើមានចេតនាធ្វើឲ្យកម្ពុជាធ្លាក់ចូល ក្នុងគន្លងភ្នក់ភ្លើងសង្រ្គាមដូចអតីតកាល និងប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា។

លោក ម៉ប់ សារិន បន្តថា ជាការពិតណាស់ ក្នុងបុព្វហេតុការពារខឿនអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ទោះបីមានការឈ្លានពានពីសំណាក់ប្រទេសជិតខាង និងបញ្ហាប្រឈមស្មុគស្មាញជាច្រើន នៅគ្រប់ស្ថានភាព នៃការវិវត្តន៍របស់ប្រទេសជាតិ អាស្រ័យដោយផលប៉ះពាល់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចព្រមទាំងកត្តាផ្សេងៗជាច្រើនទៀតក្តី ក៏ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានពុះពាររាល់ការលំបាកការពារទឹកដី ក៏ដូចការពាររាជរដ្ឋាភិបាលស្របច្បាប់ រក្សាស្ថេរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្កជម្លោះ ឈ្លានពាន និងការពារអាយុជីវិតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

នាឱកាសនោះដែរ លោក ម៉ប់ សារិន ព្រមទាំងប្រតិភូបានប្រគល់ថវិកា និងគ្រឿងឿបភោគបរិភោកជាច្រើនមុខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់៖

*កងពលធំអន្តរាគមន៍លេខ៣ រួមមាន៖ មីយើង ៣០០កេស, ទឹកត្រី ២០០យួរ ទឹកស៊ីអ៊ីវ ២០០យួរ ទឹកសុទ្ឋ ២០០កេស ស្រាបៀរ ២០០កេស ប្រេង
ម៉ាស៊ូត ១០.០០០លីត្រ ប្រេងសាំង ១០០០លីត្រី អង្ករ១០តោន សង្កសី ២០០០សន្លឹក ដែកគោលចំរុះ ៨០សុង ដែកគោលមួក ៦០សុង និងត្រាក់ទ័រ១គ្រឿង
*កងពលតូចអន្តរាគមន៍លេខ៩ រួមមាន៖ មីយើង ៥០០កេស, ទឹកត្រី ២០០យួរ ទឹកស៊ីអ៊ីវ ២០០យួរ ទឹកសុទ្ឋ ៣០០កេស ស្រាបៀរ ២០០កេស ប្រេងម៉ាស៊ូត ៥០០០លីត្រ
*វរនគរបាលការពារព្រំដែនលេខ៧៩៣ រួមមាន៖ មីយើង ១០០កេស, ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ទឹកសុទ្ឋ ១០០កេស ស្រាបៀរ ៥០កេស
*បញ្ជាការដ្ឋានអង្គរក្ស រួមមាន៖ មីយើង ២០០កេស, ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ទឹកសុទ្ឋ ២០០កេស ស្រាបៀរ ១០០កេស៕