ជំនួបជាមួយប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់អាស៊ីនិងអូសេអានី នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មប្រទេសរុស្សី


នាថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Alexey V.CHEPA ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់អាស៊ីនិងអូសេអានី នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រទសរុស្សីនិងជាសមាជិកគណៈកម្មាធិការសភាសម្រាប់កិច្ចការអន្តរជាតិ។
ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា និងស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ។
នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម Alexey V. CHPA បានលើកឡើងថាទំនាក់ទំនងរវាងប្រទេសកម្ពុជា និងរុស្សីមានរយៈពេល៥០ឆ្នាំមកហើយ តែទំហំពាណិជ្ជកម្មមានទំហំតូចនៅឡើយ។ ដោយហេតុនេះហើយ ឯកឧត្តមបានស្នើបង្កើតឲ្យមានក្រុមការងារអន្តរសភាពាណិជ្ជកម្មកម្ពុជា-រុស្សី នៅក្នុងឆ្នាំ២០១៩នេះ ដើម្បីជួយសម្រុះសម្រួលដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានបង្ហាញចំនាប់អារម្មណ៍ទៅលើវិស័យកសិកម្មដែលជាវិស័យដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមក៏បានឆ្លៀតឱកាសជម្រាបសភាពាណិជ្ជកម្មកម្ពុជាអំពីគម្រោងសាងសង់អណ្តូងប្រេង និង មជ្ឈមណ្ឌលពាណិជ្ជកម្មរុស្សីឡើងវិញនៅកម្ពុជា ដែលក្នុងនោះមានសភាពាណិជ្ជកម្មរុស្សី មជ្ឈមណ្ឌលរដ្ឋាភិបាល និងវប្បធម៌។

ជាការឆ្លើយតប ឯកឧត្ដម ងួន ម៉េងតិច បានវាយតម្លៃខ្ពស់ចំពោះសំណើរបស់ឯកឧត្តម Alexey V. CHPA និងសម្ដែងការគាំទ្រយ៉ាងពេញទំហឹងក្នុងការជួយជំរុញយ៉ាងណាឱ្យសំណើនេះលេចជារូបរាងឡើង ពីព្រោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរ ឯកឧត្ដម ងួន ម៉េងតិចក៏បានស្នើសុំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបង្កើនទំនាក់ទំនងជាមួយគ្នាឲ្យបានច្រើនព្រោះវាជាកត្តាដ៏ចាំបាច់ក្នុងការជម្រុញពាណិជ្ជកម្មដល់ប្រទេសទាំងពីរ។