ឯកឧត្តមរដ្ឋមន្ត្រី វង សូត៖ អង្គការអ៊ុកស៊ីដ នឹងក្លាយជាអង្គការផលិតសម្ភារទំនើបៗ និងមានគុណភាព សម្រាប់ជនមានពិការភាពនៅកម្ពុជា


ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវ​នីតិសម្បទា បានថ្លែងឲ្យដឹងថា អង្គការ អ៊ុកស៊ីដ នឹងក្លាយជា អង្គការផលិតសម្ភារដ៏ទំនើប និងមានស្តង់ដារ និងគុណភាព សម្រាប់ជនមានពិការភាពនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី​ បានបន្ថែមថា អង្គការមួយនេះ ក៏កំពុងតែ បានបង្កើតមុខរបរជាក់ស្តែងដល់មន្រ្តីរបស់កម្ពុជា និងបានផ្តល់ជាបទពិសោធន៍ថ្មីបន្ថែមមួយទៀត ដល់សាលាបង្រៀន ដែលមានគំនិតច្នៃប្រឌិត រ​កឃើញការផលិតថ្មីៗ ឈានទៅកម្រិតស្តង់ដារ នាពេលអនាគត។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចយ៉ាងដូច្នេះ បានធ្វើឡើងខណៈលោក​បានជួប​សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Carson Harte ​នាយកប្រតិបត្តិអង្គការ​ អង្គការអ៊ុកស៊ីដ និងសហការី ​នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានមើលឃើញថា ទោះបីជាអង្គការ បានធ្វើសកម្មភាព​ការងារមួយនេះ ក្នុងរយៈពេលដ៏ខ្លី និងទើបតែចាប់ផ្តើមក៏ដោយ តែការរីកច្រើនគឺមានការអភិវឌ្ឍន៍តទៅមុខទៀត ​និងដើម្បីអភិវឌ្ឍន៍នៃការអប់រំលើវិស័យផលិតសម្ភារ ជនមានពិការភាពសិប្បនិម្មិត។

លោក Carson Harte ​នាយកប្រតិបត្តិអង្គការ​ Exceed បានលើកឡើងថា ជាការប្តេជ្ញាអង្គការរបស់លោក នឹងជួយវិទ្យាស្ថានសង្គមកិច្ច ឲ្យក្លាយជាវិទ្យាស្ថានថ្នាក់តំបន់ និងអន្តរជាតិ ក្នុងការជួយដល់ផ្នែកពិការភាព។

លោក Carson Harte បានបន្តថា ការផលិតសម្ភារដ៏ទំនើបៗ សម្រាប់ជូនជ​នមានពិការភាព​​ គឺជារបៀប​ថ្មីមួយទៀត ហើយក៏ជារបបមួយនេះ កំពុងតែលូតលាស់ និងជាឱកាសមួយសម្រាប់ចាប់ដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា អង្គការអ៊ុកស៊ីដ គឺជាអង្គការផ្តល់អវយវៈសិប្បនិម្មិត ដល់ជនពិការ និងបន្តផ្តល់សេវាកម្មដល់ជនពិការ ហើយអង្គការនេះ​ ក៏កំពុងតែបើកដំណើរការ និងមានទីតាំងនៅវិទ្យាស្ថា​នសង្គមកិច្ច​ផងដែរ។

អង្គការអ៊ុកស៊ីដ​ បានផ្តល់សេវាស្តារលទ្ធភាពពលកម្ម ឬកាយសម្បទាជូនជនមានពិការភាព សរុបចំនួន១៧៤នាក់ ដែលមានស្រ្តីចំនួន២៦នាក់ បុរសចំនួន៥៩នាក់ កុមារាចំនួន៣១នាក់ កុមារី៣៨នាក់ ក្នុងនោះមានជនពិការភាពចូលថ្មីចំនួន១២នាក់ ត្រូវបានផ្តល់អវយវៈសិប្បនិម្មិត និងឧបករណ៍ជំនួយរាងកាយ៕