ឯកឧត្តម ​វ​ង្សី វិស្សុត៖ ការវិនិយោគ​វិស័យ​ឯកជន​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច


ឯកឧត្តម ​វ​ង្សី វិស្សុត​ រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ថ្លែងថា ការវិនិយោគ​ពី​វិស័យ​ឯកជន គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​នាំមក​នូ​វ ប្រ​សិទ្ធ​ភាព​ការងារ និង​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល ជាពិសេស​ការ​ជម្រុញ​ដល់​កំណើនសេដ្ឋកិច្ច​ឲ្យ​មានតម្លៃ​បន្ថែម​កាន់តែ​ខ្ពស់។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ​បាន មានប្រសាសន៍​បែបនេះ​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។ឯកឧត្តម​បន្តថា ការ​ជម្រុញ​ឲ្យ​មាន​ភាព​ទាក់ទាញ​សម្រាប់​វិស័យ​ឯកជន នឹង​ជម្រុញ​ឲ្យ​មានការ​ចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន លើ​ការវិនិយោគ​ក្នុង​វិស័យ​សាធារណៈ ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​បង្កើន​ដល់​កំណើន​សេដ្ឋកិច្ចជាតិ បច្ចុប្បន្ន​ប្រទេស​ក្នុង​ពិភពលោក​បាន​កំពុង​អនុវត្តន៍ និង​កំពុង​ពេញនិយម នៅក្នុង​ការវិនិយោគ​វិស័យនេះ​ផងដែរ។

ឯកឧត្តម ​វ​ង្សី វិស្សុត​បាន​បន្តថា សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ភាពជា​ដៃគូរ​នេះ គឺជា​ជំហាន​មួយ​របស់​កម្ពុជា ក្នុង​ការកសាង​ក្របខណ្ឌ​ច្បាប់ ដើម្បី​យកទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ  និង​ជាការ​ជម្រុញ​លើកទឹកចិត្ត ដល់​ការវិនិយោគ​វិស័យ​ឯកជន  ព្រោះ​ការចូលរួមចំណែក​ក្នុង​វិស័យ​ឯកជន នឹង​អាច​នាំមក​នូវ​ប្រសិទ្ធភាព​ការងារ និង​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល ជាពិសេស​ការ​ជម្រុញ​ដល់​កំណើនសេដ្ឋកិច្ច​ឲ្យ​មានតម្លៃ​បន្ថែម​កាន់តែ​ខ្ពស់។

យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ២០១៩ នេះ កម្ពុជា​គ្រោង​ចំណាយ៨% នៃ​ផសស ក្នុងនោះ​មាន​ខ្ចី​ពី​ប្រទេស​ជា​ដៃគូ​មាន​ចំនួន៥% សម្រាប់​កា​រវិន​យោគ​សាធារណៈ ហើយ​នៅពេល​អនាគត កម្ពុជា​មិនមែន​ចំណាយ​ត្រឹម៨%នេះឡើយ ដើម្បី​ឆ្ពោះទៅកាន់​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ បើ​យើង​គិតការ​វិនិយោគ​ទាំង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន​របស់​កម្ពុជា​ក្នុង​រយៈពេល១ឆ្នាំ គឺ​កម្ពុជា​ចំណាយ​លើ​ការវិនិយោគ​សាធារណៈ​ចន្លោះ​ពី២៨ ទៅ២៩%នៃ​ផសស​ប៉ុណ្ណោះ ខណៈដែល​ប្រទេសជិតខាង មានការ​វិនិយោគសាធារណៈ​នេះ​ជាង៤០%នៃ​ផសស ដូច្នេះ​កម្ពុជា​នឹង​ប្រមូល​ទុន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​បន្ថែមទៀត ដើម្បី​ជម្រុញ​ការវិនិយោគ​លើ​វិស័យ​សាធារណៈ​ឲ្យ​កាន់​តែមាន​តម្លាភាព៕