សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ជនរួមជាតិត្រូវរួមគ្នាថែរក្សា ការពារសន្តិភាពឲ្យខានតែបាន ដើម្បីកុំឲ្យប្រទេសជាតិវិលធ្លាក់ ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំផ្លិចបំផ្លាញសារជាថ្មី !


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញទំនាក់ទំនង Facebook បានបង្ហោះនូវរូបភាព៦សន្លឹក ស្តីពីទិដ្ឋភាពរាជធានីភ្នំពេញ ដោយប្រៀបធៀបរូបភាពអគារទ្រុឌទ្រោម ក្នុងរាជធានីភ្នំពេញ ដែលគេត្រូវបោះបង់ចោល ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ជាមួយរូបភាពរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដែលមានអគារខ្ពស់ៗ កំពុងរីកដុះដាលជារៀងរាល់ថ្ងៃ។

ក្រៅពីបង្ហាញនូវរូបភាព ស្តីពីការអភិវឌ្ឍយ៉ាងលឿន ក្នុងរាជធានីភ្នំពេញហើយនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានភ្ជាប់នូវសារដ៏មានអត្ថន័យមួយចំនួន ដើម្បីបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ រួមគ្នាថែរក្សាឲ្យខានតែបាននូវសុខសន្តិភាព ព្រោះសុខសន្តិភាពនេះហើយ ដែលនាំឲ្យរាជធានីភ្នំពេញ និងប្រទេសកម្ពុជាមានការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច​។ រូប១សន្លឹកសខ្មៅដែលយើងបានឃើញ គឺជាទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញដែលត្រូវបានបំផ្លាញ នឹងបោះបង់ចោលដោយសារសង្រ្គាម​ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត​ កាលពីឆ្នាំ​ ១៩៧៥​-១៩៧៩។

ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍន៍ឲ្យរីកលូតលាស់ ទៅមុខឥតឈប់ឈរ។ យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាព ឲ្យខានតែបាន ដើម្បីកុំឲ្យប្រទេសជាតិវិលធ្លាក់ ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មី។ សូមជូនពរបងប្អូនជនរួមជាតិ​ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង»៕