ភ្នំពេញ៖ ឯកឧត្តម សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថាល្បិចបបួលប្រដាល់មួយស្មើរបស់ទណ្ឌិតសម រង្ស៊ីគឺការប្រើក្បូនគង់ហ៊ាន តែប៉ុណ្ណោះ។
ឯកឧត្តម សុខ ឥសានលើកឡើងបែបនេះក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានបបួលសម្តេច តេជោ ហ៊ុន សែន ប្រដាល់មួយស្មើ ដោយធ្វើសង្វៀន នៅពហុកីឡដ្ឋានជាតិអូឡាំពិកតែម្តង
ឯកឧត្តមបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៩ខែមករាថា ”មិនបាច់ប្រើក្បួនគង់ហ៊ានទេ។ប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែបានដឹងរឿងគង់ហ៊ានអស់ហើយ។ នៅពេលកំពុងនៅពីក្រោមប្រពន្ធស្រាប់តែខំស្រែកថាវាយប្រពន្ធឲ្យងាប់ ធ្វើឲ្យអ្នកជិតខាងរត់មកជួយប្រពន្ធដោយខ្លាចគង់ហ៊ានវាយប្រពន្ធស្លាប់។ តែដល់មកឃើញស្រាប់តែហួសចិត្តទៅវិញ” ។
ឯកឧត្តមបន្តថា”ជាការគួរឲ្យចង់អស់សំណើចណាស់ ដែលអ្នកនយោបាយម្នាក់ប្រកួតជាងម្ភៃឆ្នាំចាញ់រហូតសល់តែគូថខោថែមទាំងរត់ចោលសង្វៀនទៀតបែរជាមកស្រែកបបួល អ្នកឈ្នះវាយមួយទល់មួយទៅវិញដែលមហាជនទូទៅបានដឹងថាដើម្បីស្តារមុខមាត់បរាជ័យដ៏អាម៉ាស់ក៏ខិតខំស្រែកបំភាន់ភ្នែកគេឯងទៅ ។ នេះមិនខុសអីពីក្បួនរបស់គងហ៊ានទេ”។
ឯកឧត្តមសុខឥសានបញ្ជាក់ថា”ឱ លោកអ្នកចាញ់ហ្អើយ បើចាញ់យល់ព្រមថាចាញ់ទៅ ចាំបាច់អីនៅធ្វើប្ញកឯងគ្រាន់បើអីទៀត? ទោះខំធ្វើខែងរ៉ែងយ៉ាងណា ក៏គ្មានអាណាជឿដែរ “៕