ប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានចូលប្រជុំពន្យល់បកស្រាយបំភ្លឺជូន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីការងារមួយចំនួន ក្នុងនោះក៏មានប្រសិទ្ធភាពការងារថ្នាក់ក្រោមជាតិ និងការបង្រ្កាបបទល្មើសផ្សេងៗផងដែរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ខែនេះ ដឹកនាំដោយ លោក ម៉ម សូណង់ដូរ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលជាប្រធានប្តូរវេន។
នៅក្នុងកិច្ចប្រជុំនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចោទ៣សំណួរទៅកាន់ប្រតិភូក្រសួងមហាផ្ទៃ ក្នុងនោះមានពាក់ព័ន្ធនឹងលិខិតកាន់កាប់ដីធ្លីពីមេឃុំគឺជាន់លើគ្នាហើយមិនទទួលខុសត្រូវ, អំពីការធ្វើច្បាប់បែងចែកអំណាចមេឃុំចំពោះការផ្តល់លិខិតកាន់កាប់ដីធ្លី និងអំពីចំណាត់ការក្រសួងមហាផ្ទៃចំពោះ អភិបាលខេត្ត និងរដ្ឋបាលខេត្តដែលមិនគោរពអនុក្រឹត និងសេចក្តីសម្រេចផ្សេងៗរបស់រដ្ឋាភិបាលចំពោះការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋខ្មែរជាដើម។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បីសំនួរខាងលើនេះ គឺខ្ញុំផ្អែកលើបញ្ហាជាក់ស្តែងដែលកំពុងកើតមានឡើងចំពោះពលរដ្ឋខ្មែរ និងកិច្ចការរដ្ឋបាលនៅថ្នាក់ក្រោមជាតិរបស់រដ្ឋាភិបាលកម្ពុជា»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មីនេះ បានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពមកពីគណបក្សនយោបាយចំនួន១៨ ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជននិងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានអាណត្តិដូចអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាដែរ៕