ឧត្តមសេនីយ៍ឯក ដួង ហេង មេបញ្ជាការរងការដ្ឋានអង្គរក្ស បានអំពាវនាវឲ្យកងទ័ពត្រូវស្មោះត្រង់ និងការពារឲ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តី នៃកម្ពុជាស្របច្បាប់ កើតចេញពីការបោះឆ្នោតយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះ មន្រ្តីយោធាជាន់ខ្ពស់ នៃទីបញ្ជាការដ្ឋានអង្គរក្សរូនបនេះ ក៏បានប្រកាសទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ថា ត្រូវប្រឆាំងដាច់ខាតចំពោះជនអគតិ ឬក្រុមជ្រុលនិយម ដែលមានបំណងចង់ធ្វើបដិវត្តពណ៌ ដើម្បីបំផ្លិចវប្រឆាំងដាច់ខាតចំពោះជនអគតិណា ឬក្រុមជ្រុលនិយមណាដែលបំតែការពិត ហើយមានបំណងទុច្ចរិតញុះញង់ ឲ្យកងទ័ព ប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន។
ការទទូចអំពាវនាវខាងលើនេះបានធ្វើឡើង ខណៈលោកឧត្តមសេនីយ៍តំណាងឲ្យនាយឧត្តមសេនីយ៍ផ្កាយមាស៤ កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រចាំការអចិន្ត្រៃយ៍នៅបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនបណ្តុះ បណ្តាល នាយទាហានបឋមជំនាន់ទី១ និងបើកវគ្គបន្តជំនាន់ទី២ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ដួង ហេង បានពាំនាំនូវការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ជូនចំពោះសិក្ខាកាម នាយទាហាន និងក្រុមគ្រួសារ ហើយសល់តែ៤ ទៅ៥ថ្ងៃ តែប៉ុណ្ណោះ នឹងឈានដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលជាប្រទេសមហាមិត្តដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការអភិវឌ្ឍគ្រប់វិស័យ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះនាយកសាលា តំណាងគណៈគ្រប់គ្រងសាលា គ្រូយោធាឥណ្ឌូនេស៊ី គ្រូយោធាចារ្យ ដែលបានខិតខំយកអស់ ពីកម្លាំងកាយចិត្តក្នុងការបង្រៀន និងហ្វឹកហ្វឺនដល់សិក្ខាកាម និងនាយទាហានកន្លងមក។
ក្រៅពីនេះ មេបញ្ជាការរងការដ្ឋានអង្គរក្ស ក៏សូមឲ្យសិក្ខាកាមដែលទើបបានបញ្ចប់វគ្គហ្វឹកហ្វឺនបឋម ជំនាន់ទី១ នេះ ត្រូវយកចំណេះដឹងបានពីការហ្វឹកហ្វឺននេះ ទៅបំរើអង្គភាពឲ្យចំទិសដៅ និងត្រូវស្មោះត្រង់ និងស្តាប់នូវរាល់បញ្ហារបស់មេអង្គភាពឲ្យបានហ្មត់ចត់ ព្រមទាំងត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងអង្គភាព ឬក៏ចែករំលែកចំណេះដឹងទាំងនេះ ទៅឲ្យមិត្តភក្តិក្នុងអង្គភាពរបស់ខ្លួនក្នុង ករណីចាំបាច់។ ចំពោះនាយពលទាហានដែលត្រូវហ្វឹកហ្វឺនបន្តទៀត គឺត្រូវខិតខំយកចិត្តទុកគោរពវិន័យសាលា និងការបង្ហាត់របស់យោធាចារ្យឲ្យបានល្អ ដើម្បីហាត់ពត់លត់ដំខ្លួន ឲ្យក្លាយទៅជានាយ ពលទាហាន ដែលមានសមត្ថភាព និងបទពិសោធនល្អ ត្រៀមក្នុងការបំពេញបេសកកម្មជូនអង្គភាព និងបុព្វហេតុជាតិមាតុភូមិ។
លោកមេបញ្ជាការរង ក៏បានលើកឡើងថា កាលពីអតីតកាលប្រទេសកម្ពុជាយើង ពិតជាបានជួបការលំបាកយ៉ាងខ្លាំង ដោយសារខាងក្នុងប្រទេសមានសង្គ្រាមផ្ទៃក្នុង មិនទាន់ចប់ព្រោះទាហាន ខ្មែរក្រហម នៅសេសសល់ច្រើន ហើយក៏បានធ្វើការបំផ្លិចបំផ្លាញតាមតំបន់មួយចំនួន និងធ្វើឲ្យជីវភាពប្រជាជនរស់នៅមិនបានសុខសាន្ត រីឯខាងក្រៅគឺបានហ៊ុព័ទ្ធសេដ្ឋកិច្ច របស់យើង ប៉ុន្តែទោះជាបានជួបសភាពការណ៍នេះក្តីកាលនោះ សម្តេចទាំងបី និងគណប្រជាជនកម្ពុជា ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងកសាងប្រទេសយើងចាប់ពីបាតដៃទទេ ដោយដៃម្ខាងទប់ទល់ និងសម្ពាធខាងក្រៅនិងដៃម្ខាងទៀតបានប្រឹងប្រែងទប់ទល់ និងក្រុមទាហានខ្មែរក្រហមដែលសេសសល់ និងកំលាំងប្រឆាំងដទៃទៀត ដើម្បីធានាការរស់នៅ និងក្តីសុខសាន្តជូនប្រជាពលរដ្ឋយើង នេះឆ្លុះបញ្ចាំងឲ្យឃើញថា សម្តេចតេជោ ហ៊ុន សែនបានលះបង់អស់ពីកំលាំងកាយ កំលាំងប្រាជ្ញាដើម្បីកសាងប្រទេស និងការពារផលប្រយោជន៍ប្រជារាស្ត្រយើង។
នៅឆ្នាំ១៩៩៨ ក្រោមការដឹកនាំ និងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានចរចាបង្រួបបង្រួម និងដោះស្រាយបញ្ចប់ទាំងស្រុងជាមួយ និងភាគីខ្មែរក្រហម ហើយនាមកនូវ សុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ និងប្រជារាស្ត្រយើង។ ក្រោយពីឆ្នាំ១៩៩៨ យើងទាំងអស់បានឃើញស្រាប់ហើយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ ដែលជាកត្តានាំឲ្យប្រជាពលរដ្ឋយើងរស់នៅសុខក្សេមក្សាន្ត និងប្រកបអាជីវកម្មផ្សេងៗបានងាយស្រួល ហើយមានការអភិវឌ្ឍលើគ្រប់វិស័យ ពីមួយថ្ងៃទៅមួយថ្ងៃរីកចំរើនឥតឈប់ឈរ។
នៅចំពោះសិក្ខាកាមទាំងអស់ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន លោកឧត្តមសេនីយ៍ឯក ដួង ហេង បានអំពាវនាវដូចខាងក្រោម៖
*ទី១៖ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល
*ទី២៖ ត្រូវហ៊ានពលីគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដី នៃមាតុភូមិរបស់យើង
*ទី៣៖ ត្រូវស្មោះត្រង់ និងការពារដាច់ខាតឲ្យបាននូវរាជរដ្ឋាភិបាលស្របច្បាប់
*ទី៤៖ ត្រូវស្មោះត្រង់ និងការពារឲ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់
*ទី៥៖ ត្រូវការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសយើងឲ្យបាន
*ទី៦៖ ត្រូវខិតខំការពារសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសយើងឲ្យបានដាច់ខាត
*ទី៧៖ ត្រូវប្រឆាំងដាច់ខាតចំពោះជនអគតិ ឬក្រុមជ្រុលនិយមដែលមានបំណងចង់ធ្វើបដិវត្តពណ៌ ដើម្បីបំផ្លិចវប្រឆាំងដាច់ខាតចំពោះជនអគតិណា ឬក្រុមជ្រុលនិយមណាដែលបំតែការពិត ហើយមានបំណងទុច្ចរិតញុះញងឲ្យកងទ័ពប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់
*ទី៩៖ ត្រូវការពារឲ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដ៏ច្រើនលើសលប់តាមឆន្ទៈរបស់ប្រជារាស្ត្រ
*ទី១០៖ ត្រូវការពារឲ្យបានដាច់ខាតនូវស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ សន្តិសុខសង្គម ផលប្រយោជន៍ប្រជារាស្ត្រ និងបំរើប្រជារាស្ត្រឲ្យបានល្អ។
ក្រៅពីចំណុចធំៗខាងលើនេះ លោកឧត្តមសេនីយ៍ ក៏បានណែនាំនូវប្រការគួរជៀសវាងខ្លះៗរួមមាន៖ ទី១៖ មិនត្រូវប្រព្រឹត្តិអ្វីដែលខុសពីច្បាប់រដ្ឋ ឬផ្ទុយពីវិន័យរបស់កងទ័ព, ២៖ មិនត្រូវសេពគ្រឿងញៀន ឬចែកចាយគ្រឿងញៀន ដែលផ្ទុយពីច្បាប់រដ្ឋ, ទី៣៖ មិនត្រូវដើរលួច ឆក់ប្លន់ បង្កអំពើហិង្សាខុសពីច្បាប់រដ្ឋ, ទី៤៖ មិនត្រូវយកអំណាចរបស់ខ្លួន ទៅគៀបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់ ឬចូលរួមជាមួយអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត, ទី៥៖ មិនត្រូវជឿលើការឃោសនា ឬព័ត៌មានបំភ្លេពីការពិត ដែលនាំឲ្យមានមហន្តរាយដល់សង្គមជាតិ, ទី៦៖ មិនត្រូវចូលរួមជាមួយជនអគតិ ឬក្រុមជ្រុលនិយមណា ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់, ទី៧៖ មិនត្រូវបង្កជំលោះផ្ទៃក្នុងដោយគ្មានមូលហេតុ, ទី៨៖ មិនត្រូវទៅចូលរួមរកស៊ីជាមួយអ្នកប្រព្រឹត្តខុសពីច្បាប់រដ្ឋដូចជា កាប់ឈើ ឬរត់ពន្ធ ឬជួញដូរខុសច្បាប់។ល។, ទី៩៖ មិនត្រូវលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងទៅជួយការពារអ្នកដែលប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់, ទី១០៖ មិនត្រូវបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងប្រជារាស្ត្រដោយខុសច្បាប់។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ដួង ហេង ក៏បាននាំយកថវិកាជិត៤០លានរៀល និងអំណោយមួយចំនួនទៅចែកជូនដល់ថ្នាក់ដឹកនាំ សិក្ខាកាម និងមន្រ្តីយោធាដែលចូលរួមផងដែរ ដែលជាការឧបត្ថម្ភពីសំណាក់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៕