ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ទទួលជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី


នារសៀលថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នាឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដែលធនាគារអភិវឌ្ឍន៍អាស៊ីតែងតែយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍនិងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកអំពីស្ថានភាពបច្ចុប្បន្ននិងការរីកចម្រើននៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទូរគមនាគមន៍ និងប្រៃសណីយ៍ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នបណ្ដាញខ្សែកាប្លិ៍អុបទិកមានប្រវែងប្រមាណជាង ៤ម៉ឺនគីឡូម៉ែត្រទូទាំងប្រទេស។

លោកស្រីនាយិកា ក៏បានកោតសរសើរដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសកន្លងមក ហើយធនាគារអភិវឌ្ឍន៍អាស៊ីគឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ បេសកកម្មរបស់លោកស្រី គឺដើម្បីជួបពិភាក្សាការងារជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិភាក្សាការងារនិងប្រមូលធាតុចូលសម្រាប់ការរៀបចំចងក្រងផែនការយុទ្ធសាស្ត្រនៃភាពជាដៃគូ២០១៩-២០២៣។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវនូវអាទិភាពសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងយកចិត្តទុកដាក់ ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ ក្នុងនោះការរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានាដើម្បីទ្រទ្រង់ ហិរញ្ញវត្ថុឌីជីថល រដ្ឋាភិបាលឌីជីថល e-Commerce ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ឌីជីថល ការពង្រីកវិសាលភាពនៃសេវាប្រៃសណីយ៍ជាដើម គឺជាកិច្ចការសំខាន់ៗ ដែលក្រសួងបាននិងកំពុងផ្តោតការយកចិត្តទុកដាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំដល់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការផ្តល់កិច្ចសហការផ្នែកបច្ចេកទេសក្នុងការតាក់តែងគោលនយោបាយ និងបទដ្ឋានគតិយុត្ត ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងស្នើសុំនូវការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគម្រោងដែលADB បានអនុវត្តនិងសម្រេចបាននៅក្នុងតំណាក់កាលកន្លងមក ដូចជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មនៅជុំវិញតំបន់បឹងទន្លេសាបជាដើម៕