សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនត្រូវយកឯករាជ និងអធិបតេយ្យភាពទៅដោះដូរនឹងអ្វីមួយនោះឡើយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកប្រកាសជាថ្មីនូវការតាំងជំហរប្រកបដោយភាពមុះមុតក្នុងការ រក្សានូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពនេះទៅដោះដូរ ឬជាថ្នូរនឹងបញ្ហាអ្វីនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា បច្ចុប្បន្នស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិ កំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះ គឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។

សម្តេចតេជោ បន្តថា កម្ពុជាពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតដាលប៉ុន្តែឥឡូវបានងើបលេចធ្លោររួចផុតពីភាពក្រីក្រ ជាមួយកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ សម្តេចតេជោបន្តថា ដោយសារចំណូលពន្ធកាន់តែខ្ពស់ ការព្យាករណ៍ទៅថ្ងៃអនាគត កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមរយៈការរក្សាបាននូវជំហានដ៏ល្អប្រសើរលើផ្នែកសេដ្ឋកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដែលគេប្រសិទ្ធនាម ជាបុរសខ្លាំងរបស់កម្ពុជា បានអះអាងថា កម្ពុជាបច្ចុប្បន្នមិនមែនរស់ដោយរំពឹងតែលើជំនួយរបស់បរទេសនោះទេ។

«កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេហើយកម្ពុជាក៏មិនត្រូវយកឯករាជភាពនិងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរ ជាថ្នូរនឹងអ្វីមួយនោះដែរប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជារីកកាន់តែចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ»។ សម្តេចតេជោ បានគូសបញ្ជាក់។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅក្នុងប្រទេសជាតិ៕