អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យឆ្នេរសមុទ្រ ដើម្បីជំរុញសកម្មភាពអភិវឌ្ឍឆ្នេរ ឲ្យមានសោភ័ណភាព


(ព្រះសីហនុ)៖ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីតាមមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្ត ចុះពិនិត្យស្ថានភាពទូទៅ នៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួន ក្នុងក្រុងព្រះសីហនុ រួមមាន៖ នៅចុងឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងអាងច្រោះទឹកស្អុយជាដើម នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា តាមគោលការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា គឺរដ្ឋបាលខេត្តព្រះសីហនុ នឹងជំរុញសកម្មភាពរៀបចំទាំងសោភ័ណភាព សណ្តាប់ធ្នាប់ និងបរិស្ថានអនាម័យ នៅតាមឆ្នេរសមុទ្រទាំងអស់ ឲ្យបានប្រសើរថែមទៀត សម្រាប់បម្រើដល់វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន បានបន្ថែមទៀតថា ចំពោះតំបន់ទ្រនាប់ ឬអូរ ប្រឡាយ ដែលមានទីតាំងនៅជាប់ឆ្នេរសមុទ្រ ក៏នឹងត្រូវរៀបចំស្តារអភិវឌ្ឍព្រមៗគ្នាដែរ ដោយផ្តោតទៅការទប់ស្កាត់មិនឲ្យទឹកស្អុយ ឬទឹកកខ្វក់ហូរត្រង់ ចូលទៅសមុទ្រដូចពេលមុនទៀតទេ។

អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រាល់ថ្ងៃនេះ រដ្ឋបាលខេត្ត កំពុងស្ថាបនាប្រព័ន្ធអាងប្រព្រឹត្តកម្ម ចម្រោះទឹកកខ្វក់ចំនួន៤កន្លែង សម្រាប់ស្តុកទឹកកខ្វក់ ឬទឹកស្អុយ ដើម្បីច្រោះទឹកស្អុយឲ្យបានស្អាតជាមុនៗ នឹងបង្ហូរចូលទៅក្នុងសមុទ្រ៕