ស្ថានទូតអាម៉េរិក៖ ជ័យជម្នះ ៧ មករា ជាព្រឹត្តិការណ៍ដែលកម្ពុជាបានរួចផុតពីវាលពិឃាត


ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃ០៧ ខែមករា ឆ្នាំ២០១៦​ថា ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តការណ៍ដែលកម្ពុជា បានរួចផុតពីវាលពិឃាត​ដ៏ឃោរឃៅ​របស់ ប៉ុល ពត ហើយជាជ័យជម្នះរបស់ប្រជាពលរដ្ឋ កម្ពុជាទាំងអស់គ្នា។
សេចក្តីថ្លែងរបស់ស្ថានទូតអាម៉េរិក បានធ្វើឡើងស្របពេល ដែលរាជរដ្ឋាភិបាល កម្ពុជាមក​ពីគណបក្ស​ប្រជាជនកម្ពុជា កំពុងប្រារព្ធខួប ៣៧ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា យ៉ាងមហោឡារិក។ ជ័យជម្នះរបស់ប្រទេសកម្ពុជានៅថ្ងៃទី០៧ ខែមករា បានកត់សម្គាល់ពីការរំដោះទីក្រុងភ្នំពេញ​ពីរបបខ្មែរក្រហម ដែលជារបបមួយដែលគេមើលឃើញច្បាស់ថា ស្ថិតក្នុងចំណោមរបបដ៏អាក្រក់​បំផុតនៅក្នុងប្រវត្តិសាស្រ្ត។
ជ័យជម្នះលើពួកខ្មែរក្រហមគឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។
នៅក្នុងសេចក្តីថ្លែង​នោះបានបញ្ជាក់ថា  ថ្ងៃនេះស្ថានទូតសូមសម្តែងទុក្ខសោកចំពោះការ​បាត់បង់ជីវិតមនុស្សជិត ២លាននាក់ និងគ្រួសារព្រាត់ប្រាស់ជាច្រើនទៀត។ ក្នុងនាមជាមិត្តរបស់ប្រជាជនកម្ពុជា បំណងដ៏មុតមាំរបស់យើងគឺចង់ឃើញប្រជាជនកម្ពុជា គ្រប់ជំនឿទាំងអស់បន្តធ្វើការជាមួយគ្នា ដើម្បីកសាងអនាគតមួយដែលមានវិបុលភាព និងប្រជាធិប តេយ្យកាន់តែច្រើនឡើងថែមទៀត៕